ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃតិចតួច ឬអាចនិយាយថា ស្ថិតក្នុងសភាពទ្រឹងនៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមអ្នកវិនិយោគបានប្រកាន់ជំហរប្រុងប្រយ័ត្ន មុនពេលចេញផ្សាយនូវទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនាពេលខាងមុខ ដែលអាចជះឥទ្ធិពលដល់គោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើងត្រឹមតែ០,០៣ភាគរយដល់២៦៣៩,៧៣ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១២ភាគរយដល់២៦៦១,៦០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៩នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៣៨,៩៣ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៥៨,៥០ដុល្លារក្នុងមួយអោន។








