ការបើកហាងលក់រាយនៅទីក្រុងម៉ានីលរបស់ហ្វីលីពីនរំពឹងកើនឡើងនៅត្រីមាសទី៤ ខណៈរដូវវិស្សមកាលខិតជិតមកដល់

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃដាក់លក់ទីតាំងលក់រាយជាមធ្យមនៅក្នុងរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីនបានកើនឡើង១,៤ភាគរយធៀបនឹងត្រីមាសទី២ ដល់ចំនួន២៣៣.៥៩៩ប៉េសូ(ប្រហែល៣.៩៨៦ដុល្លារ)ក្នុងមួយម៉ែត្រការ៉េនៅត្រីមាសទី៣ ឆ្នាំនេះ ខណៈទីផ្សារជាទូទៅនៅតែមានស្ថិរភាព។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកល JLL បានព្យាករណ៍ថា តម្លៃទីតាំងលក់រាយអាចបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានត្រីមាសខាងមុខនេះ ប្រសិនបើធនាគារកណ្តាលហ្វីលីពីនកាត់បន្ថយអត្រាការប្រាក់ ខណៈអត្រាអតិផរណានៅតែស្ថិតក្រោមការគ្រប់គ្រងបាន។

ស្របពេលជាមួយគ្នានេះ ការបើកដំណើរការហាងលក់រាយថ្មីៗនៅទីក្រុងម៉ានីលត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងត្រីមាសទី៤ ឆ្នាំនេះ ស្របពេលដែលរដូវវិស្សមកាលកាន់តែខិតជិតចូលមកដល់។

ដោយឡែក អត្រាទីតាំងលក់រាយទំនេរ(Vacancy Rate) ត្រូវបានគេព្យាករណ៍ថា នឹងបន្តមានស្ថិរភាព ដោយសារការផ្គត់ផ្គង់ទីតាំងលក់រាយថ្មីនៅមានកំណត់ក្នុងរយៈពេលប៉ុន្មានត្រីមាសបន្ទាប់ខាងមុខនេះ។

ទីផ្សារម្ហូបអាហារ និងភេសជ្ជៈ (F&B) បន្តគ្របដណ្ដប់លើការបើកហាងលក់រាយថ្មីនៅក្នុងត្រីមាសទី៣។ យ៉ាងណាមិញ អគារផ្សារទំនើបថ្មីៗដូចជាផ្សារទំនើប One Ayala ផ្សារទំនើប Parqal និងផ្សារទំនើប Gateway Mall 2 បានបន្តបើកដំណើរការហាងលក់រាយនៅក្នុងអគារផ្សារទំនើបរបស់ពួកគេនៅចន្លោះខែកក្កដាដល់ខែកញ្ញា។

ទន្ទឹមគ្នានេះ អត្រាទីតាំងលក់រាយទំនេរនៅទីក្រុងម៉ានីលបានកើនឡើងដល់ចំនួន៨ភាគរយនៅក្នុងត្រីមាសទី៣។មូលហេតុជាចម្បង ដោយសារតែការបើកសម្ពោធផ្សារទំនើប Opus Mall។

ផ្សារទំនើប Opus Mall ត្រូវបានបើកសម្ពោធដំណើរការនៅត្រីមាសទី៣ ដោយបានចាក់បញ្ចូលបន្ថែមនូវការផ្គត់ផ្គង់ទំហំទីតាំងលក់រាយចំនួន៤៥.០០០ម៉ែត្រការ៉េទៅក្នុងទីផ្សារ៕ប្រភព: Real Estate Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here