ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមធនាគារស្វីស UBS បានឱ្យដឹងថា ទ្រព្យសម្បត្តិរួមរបស់មហាសេដ្ឋីនៅទូទាំងពិភពលោកបានកើនឡើង១២១ភាគរយដល់ចំនួន១៤ទ្រីលានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
ធនាគារដ៏ធំបំផុតរបស់ប្រទេសស្វីស UBS បានឱ្យដឹងបន្តថា ចំនួនមហាសេដ្ឋីបានកើនឡើងពី១.៧៥៧នាក់ ដល់ចំនួន២.៦៨២នាក់ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។
យោងតាមការបោះពុម្ពផ្សាយលើកទី១០ នៃរបាយការណ៍ក្រោមចំណងជើងថា “មហិច្ឆិតាមហាសេដ្ឋី”ប្រចាំឆ្នាំរបស់ធនាគារ UBS ដែលអង្កេតតាមដានទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនៅលើពិភពលោក បានរកឃើញថា កំណើនទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបានវ៉ាដាច់កំណើនទីផ្សារភាគហ៊ុនពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។
លោក Benjamin Cavalli អ្នកជំនាញនៅធនាគារ UBS អះអាងថា របាយការណ៍នេះចងក្រងកំណើន និងការវិនិយោគទ្រព្យសម្បត្តិ ក៏ដូចជាវិធីសាស្ត្ររក្សាទុកទ្រព្យសម្បត្តិសម្រាប់មនុស្សជំនាន់ក្រោយ និងសម្រាប់ប្រើប្រាស់ដើម្បីជះឥទ្ធិពលវិជ្ជមានលើសង្គម។
នៅចន្លោះឆ្នាំ២០១៥ និងឆ្នាំ២០២៤ ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីទូទាំងពិភពលោកបានកើនឡើង១២១ភាគរយពី៦,៣ទ្រីលានដុល្លារដល់ចំនួន១៤ទ្រីលានដុល្លារ ខណៈសន្ទស្សន៍ភាគហ៊ុនសកល MSCI AC World បានហក់ឡើង៧៣ភាគរយ។
ក្នុងចំណោមនោះ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបច្ចេកវិទ្យានៅទូទាំងពិភពលោកបានកើនឡើង៣ដងពី៧៨៨,៩ពាន់លានដុល្លារក្នុងឆ្នាំ២០១៥ ដល់ចំនួន២,៤ទ្រីលានដុល្លារក្នុងឆ្នាំ២០២៤។
ធនាគារ UBS បានបន្ថែមថា“កាលពីប៉ុន្មានឆ្នាំមុន ក្រុមមហាសេដ្ឋីបានបោះទុនវិនិយោគលើការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការទូទាត់តាមឌីជីថល។ ថ្មីៗនេះ ពួកគេបានបង្កើតបច្ចេកវិទ្យា AI ជំនាន់ថ្មី និងអភិវឌ្ឍន៍សុវត្ថិភាពអុីនធឺណេត បច្ចេកវិទ្យា fintech ការបោះពុម្ព 3D និងមនុស្សយន្ត”៕ប្រភព: Inquirer.Net៕