ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋបាលខេត្ត Binh Dinh ដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត Quy Nhon ស្ថិតនៅភាគកណ្តាលប្រទេសវៀតណាម បានស្នើបើកដំណើរការតាក់ស៊ីហោះ ដើម្បីជំរុញវិស័យទេសចរណ៍ និងលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
គណៈកម្មាធិការប្រជាជនខេត្ត Binh Dinh បានស្នើដល់ក្រសួងដឹកជញ្ជូនជួយស្វែងរកការអនុម័តយល់ព្រមពីនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ដើម្បីអនុញ្ញាតឱ្យរដ្ឋបាលខេត្តអាចសាកល្បងប្រើប្រាស់តាក់សុីហោះសម្រាប់ដឹកអ្នកដំណើរ។
យន្តហោះ eVTOL ឬត្រូវបានគេស្គាល់ថាជា“តាក់ស៊ីហោះ” ជាជម្រើសដឹកជញ្ជូនភ្ញៀវទេសចរណ៍ប្រកបដោយនិរន្តរភាព ដោយសារការហោះហើរនេះមិនបង្កជាផលប៉ះពាល់ដល់បរិស្ថាន។
យោងតាមគណៈកម្មាធិការខាងលើបានឱ្យដឹងថា តាក់សុីហោះ (eVTOL) អាចផ្ទុកអ្នកដំណើរបានចាប់ពី៤នាក់ទៅ៥នាក់ និងមានភាពស្រដៀងនឹងឧទ្ធម្ភាគចក្រ។ ប៉ុន្តែ វាខុសគ្នាត្រង់ថា តាក់សុីហោះត្រូវបានដំណើរការដោយថាមពលអគ្គិសនី។
ភ្ញៀវទេសចរណ៍អាចជិះតាក់ស៊ីហោះដើម្បីគយទន់មើលទេសភាពនៅពីលើអាកាស និងភាពទាក់ទាញរបស់ខេត្ត Binh Dinh ព្រមទាំងចូលរួមចំណែកដល់គោលដៅបរិស្ថានរបស់ខេត្តមួយនេះដោយកាត់បន្ថយការបំភាយឧស្ម័នបានយ៉ាងច្រើន បើប្រៀបធៀបទៅនឹងរថយន្តប្រើប្រាស់ឥន្ធនៈ និងរថភ្លើង។
គណៈកម្មាធិការប្រជាជនខេត្ត Binh Dinh បានលើកឡើងថា ការធ្វើតេស្តសាកល្បងដើម្បីវាយតម្លៃលទ្ធភាពនៃការដាក់ឱ្យប្រើប្រាស់តាក់សុីហោះជាការណ៍ចាំបាច់ ហើយក្របខ័ណ្ឌច្បាប់ចាំបាច់ត្រូវតែបង្កើតឡើង។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារពត៌មានវៀតណាម Vnexpress។
បច្ចុប្បន្ន បណ្តាប្រទេសជាច្រើននៅលើពិភពលោក រួមទាំងប្រទេសចិន សហរដ្ឋអាមេរិក អាល្លឺម៉ង់ សិង្ហបុរី និងកូរ៉េខាងត្បូង កំពុងបើកការស្រាវជ្រាវលើការអភិវឌ្ឍន៍ និងការចាប់យកបច្ចេកវិទ្យាតាក់សុីហោះនេះ (eVTOL) ព្រោះវាអាចទាក់ទាញភ្ញៀវទេសចរណ៍ និងមិនបង្កផលប៉ះពាល់លើបរិស្ថាន៕ប្រភព: Vnexpress៕