អ្នកវិនិយោគមកពីប្រទេសចំនួន៦ចូលរួមវេទិកាធុរកិច្ចក្នុងកិច្ចប្រជុំកំពូលសភាពាណិជ្ជកម្មអាស៊ាន ម៉ាឡេស៊ី

0

ដោយៈ គង់ ម៉ាលីនណា

    ភ្នំពេញៈ កាលពីចុងសប្តាហ៍មុន លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញជាកិត្តិយសថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលសភាពាណិជ្ជកម្មអាស៊ាន ម៉ាទ្បេស៊ី (ASEAN Malaysian Business Chambers Summit) ដែលរៀបចំទ្បើងដោយសភាពាណិជ្ជកម្មម៉ាទ្បេស៊ីនៅកម្ពុជា (Malaysian Business Chamber of Cambodia, MBCC)។

កិច្ចប្រជុំកំពូលនេះ មានការចូលរួមពីសំណាក់លោក Shaharuddin Bin Onn ឯកអគ្គរដ្ឋទូតម៉ាទ្បេស៊ីប្រចាំកម្ពុជា ឧកញ៉ា តាន់ គីម៉េង ប្រធានសភាពាណិជ្ជកម្មម៉ាទ្បេស៊ីនៅកម្ពុជា តំណាងស្ថានទូតនៅតាមបណ្តាប្រទេសអាស៊ានមួយចំនួន ព្រមទាំងវិនិយោគិនក្នុងស្រុក និងវិនិយោគិនម៉ាឡេស៊ីនៅប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ី។

លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានសម្តែងនូវសេចក្តីសោមន្សរីករាយ ដែលបានចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ និងបានវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្មម៉ាទ្បេស៊ីនៅកម្ពុជាដែលបានរៀបចំវេទិកាធុរកិច្ចកម្ពុជា-ម៉ាទ្បេស៊ីឆ្នាំ២០២៤ នៅទីក្រុងកូទ្បាទ្បាំពួរ ប្រទេសម៉ាទ្បេស៊ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីដើមឆ្នាំ២០២៤ ប្រកបដោយជោគជ័យ ដែលវេទិកានេះ បានចូលរួមជំរុញផ្សព្វផ្សាយពីបរិស្ថាន និងសក្តានុពលវិនិយោគនៅកម្ពុជា ទៅដល់ធុរជននិងវិនិយោគិនម៉ាឡេស៊ី។

ឆ្លៀតក្នុងឱកាសនេះ លោកជា វុទ្ឋី បានជម្រាបជូនពីកត្តាសំខាន់ៗមួយចំនួន និងលក្ខខណ្ឌអំណោយផល ដែលបានទាក់ទាញក្រុមហ៊ុនម៉ាទ្បេស៊ី មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា នាពេលកន្លងមក ព្រមទាំងបានគូសរំលេចបន្ថែមថា កម្ពុជាជាប្រទេសដែលជាទីតាំងយុទ្ធសាស្ត្រនៅក្នុងអាស៊ាន មានបរិយាកាសវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន មានកម្លាំងពលកម្មវ័យក្មេង, ព្រមទាំងបាននិងកំពុងបន្តកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់ សម្រាប់សម្រួលដល់ការដឹកជញ្ជូន ដែលការណ៍នេះបានរួមចំណែកធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគ ដ៏ទាក់ទាញនៅក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here