ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈធនាគារកណ្តាលរបស់ប្រទេសចិន(PBOC)បានទិញមាសដើម្បីចាក់បញ្ចូលទុនបម្រុងកាលពីខែវិច្ឆិកា បន្ទាប់ពីផ្អាកអស់រយៈពេល៦ខែ គួបផ្សំនឹងការកើនឡើងនៃភាពតានតឹងនយោបាយនៅក្នុងប្រទេសសុីរី។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣៧ភាគរយដល់២៦៦៨,៦៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៦ភាគរយដល់២.៦៩០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៥នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៥៨,៧៨ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៨៥,៨០ដុល្លារក្នុងមួយអោន។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៥,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨ ខែធ្នូនេះ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៦,១៩ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៦,១៤ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,១៩%ដល់៣២,៥៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ១%ដល់៩៤៤,៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ១%ដល់៩៨៦,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៧នាទីព្រឹក៕