តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានស្ទុះងើបឡើងថ្លៃនាពេលថ្មីៗនេះ ដោយសារការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ ការរំពឹងទុកនៃការទម្លាក់អត្រាការប្រាក់របស់សហរដ្ឋអាមេរិក និងការទិញមាសដោយធនាគារកណ្តាលចិន។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៤២ភាគរយដល់២៧០៦,៦២ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៣៦ភាគរយដល់២៧៤៦,៩០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៥នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៧១៧,៩៣ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៧៥៦,៧០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៨,៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចទម្លាក់អត្រាការប្រាក់ជាលើកទី៣ ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅសប្តាហ៍ក្រោយ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៦,៥៤ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៦,៧១ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,២៦%ដល់៣២,៨៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៣៣%ដល់៩៥៣,៩ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,១៥%ដល់១.០១១ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៧នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here