ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅទីក្រុងហុងកុងរំពឹងថា នឹងបន្តរក្សាបានសន្ទុះនៅឆ្នាំ២០២៥នេះ បន្ទាប់ពីប្រតិបត្តិការទិញ-លក់បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣ឆ្នាំកាលពីឆ្នាំ២០២៤ ខណៈទំនុកចិត្តអ្នកទិញមានភាពប្រសើរឡើង។
ការបង្ហាញសញ្ញាវិជ្ជមានប្រកបដោយសុទិដ្ឋិនិយមនេះលេចចេញឡើង ខណៈពេលដែលមានការកាត់បន្ថយអត្រាការប្រាក់ និងតម្រូវការរបស់ជនបរទេសដែលបោះទុនវិនិយោគនៅហុងកុងដើម្បីទទួលបានសិទ្ធិស្នាក់នៅ។
កិច្ចព្រមព្រៀងទិញ-លក់សរុបចំនួន៦៧.៦៦២ច្បាប់ រួមមានការលក់លំនៅដ្ឋាន ការិយាល័យ ហាង ទីតាំងឧស្សាហកម្ម និងទីតាំងចតរថយន្តត្រូវបានបិទបញ្ចប់រួចរាល់នៅត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។
-->
ចំនួនខាងលើមានការកើនឡើង១៦ភាគរយបើធៀបនឹងឆ្នាំ២០២៣ និងជាតួលេខខ្ពស់បំផុតមិនធ្លាប់ជួបប្រទះគិតចាប់តាំងពីឆ្នាំ២០២១។ នេះបើយោងតាមទិន្នន័យចងក្រងឡើងដោយក្រុមហ៊ុន Midland Realty។

លោក Lau Ka-fai អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Midland Realty បានលើកឡើងថា “ខណៈចំនួនកិច្ចព្រមព្រៀងបានស្ទុះងើបឡើងវិញ តម្លៃអចលនទ្រព្យសរុបដែលបានចុះបញ្ជីកាលពីឆ្នាំមុនមានទំហំទឹកប្រាក់លើសពី៥៣០ពាន់លានដុល្លារហុងកុង កើនឡើងជាង១០ភាគរយបើធៀបនឹងឆ្នាំ២០២៣”។
យោងតាមទីភ្នាក់ងារអចលនទ្រព្យ Midland Realty ដដែលបានឱ្យដឹងបន្តថា ការកើនឡើងនៃការចុះបញ្ជីអចលនទ្រព្យកាលពីឆ្នាំមុនត្រូវបាននាំមុខដោយការចុះបញ្ជីលំនៅដ្ឋាន។
ការកើនឡើងនៃការលក់ផ្ទះថ្មី ត្រូវបានជំរុញ ដោយការលុបចោលវិធានការទប់ស្កាត់ការទិញអចលនទ្រព្យនៅក្នុងខែកុម្ភៈ ឆ្នាំមុន ក៏ដូចជាវិធានការផ្សេងទៀត ដែលបានប្រកាសដាក់ចេញដោយប្រធាននាយកប្រតិបត្តិរបស់ទីក្រុងហុងកុងលោក John Le Ka-chiu៕ប្រភព: SCMP៕
