ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈតម្រូវការទិញមាសមានការកើនឡើង ដោយសារភាពមិនច្បាស់លាស់នៃគោលនយោបាយរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មីលោក ដូណាល់ ត្រាំ ដែលពិបាកទស្សន៍ទាយបាន។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២២ភាគរយដល់ប្រមាណ២.៦៦៣ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤ភាគរយដល់២៦៧៩,៨ដុល្ល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៨នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៨,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរក្នុងកិច្ចប្រជុំកំណត់គោលនយោបាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ។