តើរឿងវិជ្ជមានអ្វីខ្លះកំពុងកើតមានលើវិស័យអចលនទ្រព្យ នៅឆ្នាំ២០២៥

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ទាំងអ្នកជំនាញជាតិ អន្តរជាតិសុទ្ឋតែមានសុទិដ្ឋិនិយម សម្រាប់ទីផ្សារអចលនទ្រព្យសម្រាប់ឆ្នាំនេះ ជាមួយនឹងការដាក់ចេញនូវវិធានការណ៍ និងគោលការណ៍លើកទឹកចិត្តជាច្រើនពីរដ្ឋាភិបាល។

    គោលនយោបាយសំខាន់ៗទាំងនោះ នឹងជួយជម្រុញឲ្យទីផ្សារនេះងើបឡើងវិញ។

ការលើកលែងពន្ឋប្រថាប់ត្រាដល់ចុងឆ្នាំ២០២៥

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពេលអញ្ជើញបិទសន្និបាត ការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីពេលថ្មីៗនេះ បានប្រកាសលើកលែងពន្ឋប្រថាប់ត្រា ដល់អ្នកទិញផ្ទះនៅតាមបុរីនានា ដែលមានតម្លៃចាប់ពី៧ម៉ឺនដុល្លារចុះ និងលើកលែងពន្ឋលើអតិថិជន ដែលទិញផ្ទះលើកទី១ សម្រាប់អចលនទ្រព្យ ដែលមានតម្លៃ២១ម៉ឺនដុល្លារចុះ។

ការដោះស្រាយបញ្ហាក្នុងវិស័យនេះ

    រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាន និងកំពុងដោះស្រាយបញ្ហាលើគំរោងបុរី ដីឡូត៍ ខុនដូ និងផ្សារចំនួនជាង១០០ករណី ជាលទ្ឋផល គំរោងជា៥០ភាគរយបានដោះស្រាយបញ្ចប់រវាងអ្នកអភិវឌ្ឍន៍ និងអតិថិជន។

    សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបាន អំពាវនាវឲ្យភាគីពាក់ព័ន្ឋទាំងអស់ សូមអត់ធ្មត់ និងដោះស្រាយបញ្ហានេះដោយសន្តិវិធី។

ការទម្លាក់អត្រាការប្រាក់ពី១២ មក៨ភាគរយ

    ក្រុមការងារឯកជនផ្នែកសំណង់ និងអចលនទ្រព្យ ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ បានដឹកនាំស្ថាប័នជំនាញពាក់ព័ន្ឋ ធនាគារពាណិជ្ជនានា ដើម្បីរិះរកវិធីសាស្រ្ត ដើម្បីជម្រុញការផ្តល់ឥណទានក្នុងវិស័យនេះ ពិសេសជួយអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ទទួលបានឥណទានយកមកអភិវឌ្ឍន៍ឡើងវិញ ជាមួយការបន្ឋូរបន្ថយលក្ខខ័ណ្ឌក្នុងការផ្តល់ឥណទាន។

    អ្វីកាន់តែពិសេសធនាគារពាណិជ្ជនានា បានសម្រេចបញ្ចុះអត្រាការប្រាក់ពី១២ មកត្រឹម៨ភាគរយ សម្រាប់អ្នកទិញលំនៅដ្ឋាននានា។

អ្នកទិញលំនៅដ្ឋានអាចសងត្រលប់រយៈពេលដល់៣០ឆ្នាំ

    រដ្ឋាភិបាលតាមរយៈក្រសូង ស្ថាប័នពាក់ព័ន្ឋ បាននិងកំពុងធ្វើការរួមគ្នា ដើម្បីឲ្យអតិថិជនដែលមានបំណងទិញផ្ទះ និងទិញផ្ទះហើយមានបញ្ហាបំណុល អាចទទួលបានអត្រាការប្រាក់ទាបជាងមុន និងរយៈពេលសងត្រលប់ចន្លោះពី២៥ទៅ៣០ឆ្នាំ។

ក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន ក្រោមការដឹកនាំដោយលោកឧបនាយលរដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំជាមួយក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ ផ្នែកឯកជន “ក្រុមឌ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដឹកនាំដោយលោកអ្នកឧកញ៉ាលី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា និងស្ថាប័នពាក់ព័ន្ឋជាច្រើនទៀត។

រដ្ឋាភិបាលអនុញ្ញាត្តឲ្យមានការទូទាត់រូបិយប័ណ្ណគ្រីបតូផ្លូវការ

    រដ្ឋាភិបាលតាមរយៈធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសលេខធ៧០២៥៧៣៥ ចុះថ្ងៃទី២៦ ធ្នូ បានចេញសេចក្តីប្រកាសស្ដីពី ប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ។

តាមរយៈសេចក្តីប្រកាសនេះ ស្ថាប័ននេះបានលើកឡើងថា ធនា​គារជាតិនៃកម្ពុជា សម្រេចដាក់ឱ្យអនុវត្តប្រកាសស្តីពី ប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ ក្នុងគោលបំណងគ្រប់គ្រងប្រតិបត្តិការនិងអាជីវកម្មពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ ក្រុម១ ស្របតាមច្បាប់ស្ដីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ប៉ុន្តែប្រកាសនេះមិនអនុញ្ញាតឱ្យធនាគារពាណិជ្ជកាន់កាប់ទ្រព្យសកម្មគ្រីបតូ ក្រុម២ ដែលជាប្រភេទទ្រព្យ​សកម្ម​គ្រីបតូ​មិនមានការធានា (Unbacked Cryptoassets​) និងមានហានិភ័យខ្ពស់ ដូចជា ប៊ីតខ័ញ (Bitcoin) នោះទេ។

ប្រកាសនេះអនុញ្ញាតឱ្យធនាគារពាណិជ្ជ និងគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ដែលស្ថិតក្រោមអាណាព្យាបាល របស់ធនាគារជាតិនៃកម្ពុជា ព្រមទាំងនីតិបុគ្គលផ្សេងទៀត ធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ ដោយត្រូវស្នើសុំការអនុញ្ញាត ឬ អាជ្ញាបណ្ណជាមុនពីធនាគារជាតិនៃកម្ពុជា។

បន្ទាប់ពីទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ធនាគារពាណិជ្ជ អាចមានកាន់កាប់ទ្រព្យសកម្មគ្រីបតូ ដែលមានការធានានិងសុវត្ថិភាពខ្ពស់ ដូចជា៖

–  ប្រភេទទ្រព្យសកម្មគ្រីបតូ ក្រុម១ក (ថូខិនទ្រព្យសកម្មប្រពៃណី -Tokenized Traditional Assets) ដែលមានលក្ខណៈស្រដៀងនឹងឧបករណ៍ហិរញ្ញវត្ថុធម្មតា និងប្រភេទទ្រព្យសកម្មគ្រីបតូ ក្រុម១ខ ដែលជាស្ដេប៊លខ័ញ (Stablecoin) មានយន្តការស្ថិរភាពប្រកបដោយប្រសិទ្ធភាព។

ការអនុញ្ញាត្តឲ្យចរាចរណ៍លុយគ្រីបតូនឹងទាក់ទាញការវិនិយោគ

    ការអនុញ្ញាត្តឲ្យមានការទូទាត់រូបិយប័ណ្ណគ្រីបតូ ជាយុទ្ឋសាស្រ្តដ៏វាងវៃមួយរបស់រដ្ឋាភិបាល ខណៈបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ី មិនទាន់សម្រេចចិត្តលើរឿងនេះជាក់លាក់នៅឡើយ។

    លោកយិន លាងគង់ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា ដែលបានកំពុងសិក្សាលើរឿងនេះ បានលើកឡើងកាលពីថ្ងៃទី៧ មករា ឆ្នាំ២០២៥ថា ការប្រកាសនេះ នឹងធ្វើឲ្យកម្ពុជាទាក់ទាញទុនវិនិយោគ ពីបរទេសយ៉ាងច្រើននៅពេលឆាប់ៗនេះ ប៉ុន្តែវាទាមទារឲ្យកម្ពុជាត្រៀមខ្លួនរួចរាល់ផងដែរ ដោយសារឧស្សាហកម្មគ្រីបតូ ជារឿងរសើប និងថ្មីមួយសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុនានា និងប្រជាពលរដ្ឋកម្ពុជាលើសលុបផងដែរ។

    លោកបញ្ជាក់ថា “ធម្មតាទឹកជំនន់កើតមាន និងហូរមកដល់ទីណាមួយទាល់តែមានភ្លៀង និងព្យុះ។ ដូចគ្នានេះដែរ ដើម្បីកម្ពុជាទាក់ទាញទុនវិនិយោគកាន់តែច្រើនពីអ្នកកាន់លុយគ្រីបតូ ទាមទារឲ្យកម្ពុជារៀបចំស្ថាប័ន និងធនធានមនុស្សឲ្យបានលឿន និងរួចរាល់សិន ទើបអ្វីៗនឹងមកដល់ ហើយយើងទទួលបានផលនោះ”។

អ្នកអភិវឌ្ឍន៍ក្នុងស្រុកចាប់ផ្តើមបញ្ចេញសកម្មភាព

    បណ្តាអ្នកអភិវឌ្ឍន៍ខ្នាតធំ និងមធ្យមបានចាប់ផ្តើមបញ្ចេញសកម្ម​ភាពលើការអភិវឌ្ឍន៍គំរោងលំនៅដ្ឋាន ទីក្រុងរណប សួនឧស្សា​ហកម្ម តំបន់សេដ្ឋកិច្ច ពិសេសកាន់តែច្រើននៅដើមឆ្នាំ២០២៥នេះ។

    ជាក់ស្តែងក្រុមហ៊ុនធំមួយ បានប្រកាសសាងសង់ទីក្រុងរណបMekong Quay នៅទីក្រុងរណបអរិយក្សត្រ លើទំហំផ្ទៃដីជាង២០០ហិកតា ដែលពិធីបើកការដ្ឋានសាងសង់ធ្វើឡើង ក្រោមអធិបតីភាពសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។

    ជាមួយគ្នានេះ បុរីធៗដូចជាបុរីប៉េង ហូតសាខាបឹងស្នោ បានចាប់ផ្តើមគំរោងថ្មីរបស់ខ្លួន បុរីវិមានសំណាង បុរីជីប ម៉ុងជាដើមបាននិងកំពុងចាប់ផ្តើមគំរោងថ្មីៗរបស់ខ្លួនផងដែរ ដោយរំពឹងទីផ្សារនេះនឹងមានសភាពប្រសើរឡើងនៅឆ្នាំ២០២៥នេះ។

    ជាមួយគ្នានេះ អ្នកមានលទ្ឋភាពខ្ពស់ឬអ្នកមានប្រាក់ បាននិងកំពុងចាប់ផ្តើមសម្លឹង ឱកាសវិនិយោគក្នុងវិស័យនេះ ពិសេសលើទីផ្សារដីធ្លី ដែលមានលក្ខខ័ណ្ឌតម្លៃ និងទីតាំងល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here