អ្នកជំនាញ: អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជាគួរបង្វែរគម្រោងលំនៅដ្ឋានតម្លៃខ្ពស់ ទៅជាការបណ្តាក់ទុនលើលំនៅដ្ឋានតម្លៃសមរម្យ

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: វិស័យអចលនទ្រព្យ និងស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ខណៈមានការអភិវឌ្ឍន៍គម្រោងខ្នាតធំជាច្រើននៅរាជធានីភ្នំពេញ ដូចជា បុរី និងវីឡាប្រណីតៗ។

យ៉ាងណាមិញ អ្នកជំនាញមួយរូបបានលើកឡើងថា កម្ពុជាមិនទាន់អាចឆ្លើយតបបាននៅឡើយចំពោះតម្រូវការលំនៅដ្ឋានតម្លៃសមរម្យ។ ហេតុនេះ ការបំពេញតម្រូវការមិនត្រឹមតែជាប៉ុណ្ណោះទេ ប៉ុន្តែ វាជាឱកាសសេដ្ឋកិច្ចមិនអាចកាត់ថ្លៃបាន។

លោកបណ្ឌិត Alexander Evengroen ប្រធាន និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Evengroen Solution Group Co., Ltd. (ESG) ជឿជាក់ថា ឧស្សាហកម្មអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍មិនទាន់បានទាញយកនូវសក្តានុពលពេញលេញពីតម្រូវការលំនៅដ្ឋានតម្លៃសមរម្យនោះទេ។

លោកអះអាងថា ការផ្តោតលើការសាងសង់លំនៅដ្ឋានសម្រាប់អ្នកទិញ ដែលមានប្រាក់ចំណូលទាប និងមធ្យម គួបផ្សំនឹងដំណោះស្រាយថាមពលកកើតឡើងវិញប្រកបដោយភាពច្នៃប្រឌិត អាចផ្លាស់ប្ដូរទិដ្ឋភាពទីផ្សារលំនៅដ្ឋាននៅកម្ពុជា និងជំរុញពន្លឿនកំណើនសេដ្ឋកិច្ច។

នាពេលបច្ចុប្បន្ននេះ ការផ្គត់ផ្គង់លើសតម្រូវការនៃគម្រោងអចលនទ្រព្យតម្លៃខ្ពស់ជាភស្តុតាងបង្ហាញថា បណ្តាអ្នកអភិវឌ្ឍន៍ជាច្រើនកំពុងជួបប្រទះការលំបាកក្នុងការស្វែងរកអតិថិជន។ ទោះបីជាបែបនេះក្តី អ្នកអភិវឌ្ឍន៍ហាក់មានភាពស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន។

លោកបណ្ឌិត Evengroen ដែលមានបទពិសោធន៍ជាង៣០ឆ្នាំក្នុងវិស័យអចលនទ្រព្យ បានសង្កត់ធ្ងន់ថា ការធ្វើពិពិធកម្មឆ្ពោះទៅរកការអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យនឹងដោះស្រាយបាននូវបញ្ហាប្រឈមជាច្រើនដូចជា៖

ទី១: ការជំរុញសេដ្ឋកិច្ច៖ ការផ្គត់ផ្គង់លំនៅដ្ឋានតម្លៃសមរម្យសម្រាប់ប្រជាជនមានប្រាក់ចំណូលទាប និងមធ្យម បង្កើតឱ្យមានផលវិជ្ជមានជាខ្លាំងលើឧស្សាហកម្មជាច្រើនរួមមានសំណង់ ធនាគារ និងបច្ចេកវិទ្យា។

ទី២: ការកាត់បន្ថយហានិភ័យសម្រាប់ធនាគារ៖ គម្រោងលំនៅដ្ឋានតម្លៃសមរម្យ
មានកម្រិតហានិភ័យទាបផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់លំហូរសាច់ប្រាក់ឱ្យមានសុខភាពល្អជាងមុន។

ទី៣: ការដោះស្រាយគម្លាតទីផ្សារ៖ ការផ្តោតលើការសាងសង់លំនៅដ្ឋានតម្លៃសមរម្យសម្រាប់អតិថិជនគោលដៅ ធានាថា គម្រោងអចលនទ្រព្យនោះអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជាភាគច្រើន។

ទី៤: ថាមពលកកើតឡើងវិញ៖ ការដាក់បញ្ចូលនូវដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាពមិនត្រឹមតែកាត់បន្ថយការចំណាយសម្រាប់អតិថិជនដែលជាម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្របតាមគំនិតផ្តួចផ្តើមថាមពលបៃតងជាសកលផងដែរ។

លោកបណ្ឌិត Evengroen សង្កត់ធ្ងន់ថា “អ្នកអភិវឌ្ឍន៍ត្រូវតែមានឆន្ទៈបង្វែរគម្រោងលំនៅដ្ឋានតម្លៃខ្ពស់ដែលមានស្រាប់ទៅជាការបណ្តាក់ទុនលើលំនៅដ្ឋានតម្លៃសមរម្យ។ ការផ្លាស់ប្តូរនេះទាមទារភាពជាអ្នកដឹកនាំ ការគិតគូរប្រកបដោយភាពច្នៃប្រឌិត និងឆន្ទៈក្នុងការដោះស្រាយបញ្ហាទីផ្សារនាពេលបច្ចុប្បន្ន”។

ជាលទ្ធផល​ត្រឡប់មកវិញ ការផ្លាស់ប្ដូរបែបនេះ​នឹង​ជួយជំរុញ​ឧស្សាហកម្ម​អចលនទ្រព្យ បង្កើត​ឱកាសការងារ និង​ផ្គត់ផ្គង់លំនៅដ្ឋានតម្លៃសមរម្យ ដែល​មានតម្រូវការខ្ពស់ក្នុងចំណោមប្រជាជន​កម្ពុជាភាគច្រើន។

លោកបណ្ឌិត Evengroen បានមានប្រសាសន៍ឱ្យដឹងបន្តថា “តាមរយៈការដាក់ចេញវិធីសាស្រ្តយ៉ាងត្រឹមត្រូវ និងកិច្ចសហការរវាងរដ្ឋាភិបាល វិស័យឯកជន និងអ្នកវិនិយោគបរទេស អាចផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបាន”។

លោកបណ្ឌិតគូសបញ្ជាក់ទៀតថា លំនៅឋានតម្លៃសមរម្យពុំមែនត្រឹមតែជាការកសាងផ្ទះប៉ុណ្ណោះទេ ប៉ុន្តែនេះជាការបង្កើតឱកាស ជំរុញការបង្កើតថ្មី និងការផ្តល់អំណាចដល់សហគមន៍។

លោកបណ្ឌិតបន្ថែមថា “តាមរយៈការដាក់បញ្ចូលដំណោះស្រាយថាមពលកកើតឡើងវិញ បង្កើនកិច្ចសហការរវាងឧស្សាហកម្ម និងការដោះស្រាយបំពេញតម្រូវការរបស់គ្រួសារដែលមានប្រាក់ចំណូលទាប និងមធ្យម កម្ពុជាអាចមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន៕ប្រភព: LinkedIn៕

LEAVE A REPLY

Please enter your comment!
Please enter your name here