ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសអូស្ត្រាលីនៅតែបន្តជាគោលដៅដ៏ពេញនិយមសម្រាប់ក្រុមអ្នកជំនាញ ពលករតាមរដូវកាល ឬហៅថា “Seasonal Worker” និងយុវជនវ័យក្មេង ដែលផ្សងព្រេងដើម្បីស្វែងរកឱកាសការងារ និងបទពិសោធន៍ថ្មីៗ។
នៅឆ្នាំ២០២៥នេះ រដ្ឋាភិបាលអូស្ត្រាលីបានធ្វើការផ្លាស់ប្តូរគោលនយោបាយ និងសិទ្ធិទទួលបានប្រភេទទិដ្ឋាការការងារជាច្រើន។ ការណ៍នេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម ជំរុញកំណើនសេដ្ឋកិច្ច និងការធានាសំណងសមរម្យសម្រាប់ពលករបរទេស។

-->
ខាងក្រោមនេះ ជាគោលនយោបាយទិដ្ឋាការថ្មីចំនួន៥ ដែលជាធាតុចូលយ៉ាងសំខាន់សម្រាប់អ្នកកំពុងស្វែងរកឱកាសការងារធ្វើនៅក្នុងប្រទេសអូស្ត្រាលីសម្រាប់ឆ្នាំ២០២៥៖
ទី១: ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធតេស្តពិន្ទុដើម្បីស្វែងរកជនចំណាកស្រុក ដែលមានជំនាញច្បាស់លាស់។
ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធតេស្តពិន្ទុថ្មីដើម្បីជ្រើសរើសជនចំណាកស្រុក ដែលមានជំនាញ ជាការផ្លាស់ប្តូរដ៏សំខាន់មួយនៃកម្មវិធីគោលនយោបាយរបស់រដ្ឋាភិបាលអូស្ត្រាលី។
ប្រទេសអូស្ត្រាលីបានដាក់ចេញកំណែទម្រង់លើប្រព័ន្ធតេស្តពិន្ទុ នៅក្នុងកម្មវិធីជនចំណាកស្រុកអចិន្ត្រៃយ៍ ដោយផ្អែកលើកត្តានានាដូចជាការអប់រំ ជំនាញភាសាអង់គ្លេស មុខរបរ និងអាយុ ដើម្បីសម្របនឹងកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសអូស្ត្រាលី។
ទី២: ការដាក់ឱ្យប្រើប្រាស់បញ្ជីមុខរបរជំនាញស្នូល (CSOL)។
បញ្ជីមុខរបរជំនាញស្នូល ឬ Core occupation list (CSOL) ជាបញ្ជីមុខរបរ ដែលមានតម្រូវការចាំបាច់នៅក្នុងប្រទេសអូស្ត្រាលី។ បញ្ជីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីបញ្ជាក់អំពីតម្រូវការទីផ្សារការងារនាពេលអនាគត ដោយផ្តល់មុខរបរចំនួន៤៥៦ប្រភេទ។
ទី៣: កម្មវិធីផ្តល់ទិដ្ឋាការ “Skills in Demand Visa”។
រដ្ឋាភិបាលអូស្ត្រាលីបានលុបចោលកម្មវិធីទិដ្ឋាការកង្វះជំនាញបណ្តោះអាសន្ន ឬ “Temporary Skill Shortage”ដោយដាក់ជំនួសមកវិញនូវកម្មវិធីផ្តល់ទិដ្ឋាការ “Skills in Demand Visa”។
ទិដ្ឋាការនេះនឹងអនុញ្ញាតឱ្យពលករបរទេស ដែលមានជំនាញតាមតម្រូវការទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសអូស្ត្រាលី ដោយមានការធានាឧបត្ថម្ភពីសំណាក់ថៅកែ ឬនិយោជក។
ទី៤: ការដំឡើងកម្រិតប្រាក់បៀវត្សរ៍ដល់ពលករជំនាញបណ្តោះអាសន្ន (TSMIT)។
កម្រិតប្រាក់បៀវត្សរ៍អប្បបរមាប្រចាំឆ្នាំសម្រាប់ពលករជំនាញបណ្តោះអាសន្ន ឬ “Temporary Skilled Migration Income Threshold” (TSMIT) ត្រូវបានដំឡើងពីចំនួន៥៣.៩០០ដុល្លារ ទៅ៧០.០០០ដុល្លារ។
និងទី៥: ការកំណត់កូតាសិស្ស-និស្សិតអន្តរជាតិសម្រាប់ឆ្នាំ២០២៥។
រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសអំពីផែនការថ្នាក់ជាតិស្តីពីការកំណត់ចំនួនកូតានិស្សិតអន្តរជាតិថ្មីសម្រាប់កម្មវិធីសិក្សាក្នុងឆ្នាំ២០២៥ ដែលបានចាប់ផ្តើមពីថ្ងៃទី១ ខែមករានេះ។ រដ្ឋាភិបាលអូស្ត្រាលីក៏កំពុងព្យាយាមកាត់បន្ថយចំនួននិស្សិតអន្តរជាតិនៅតាមគ្រឹះស្ថានសិក្សារបស់ខ្លួនដើម្បីរក្សាតុល្យភាព។

ប្រទេសអូស្រ្តាលីក៏បានប្រកាសដំឡើងថ្លៃសេវាផ្តល់ទិដ្ឋាការសម្រាប់និស្សិតបរទេស ដែលជាចំណាត់ការថ្មីមួយរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់លំហូរជនអន្ដោប្រវេសន៍ ដែលបានបង្កើនសម្ពាធលើទីផ្សារលំនៅដ្ឋានរួចទៅហើយ។
តម្លៃសេវាធ្វើទិដ្ឋាការសម្រាប់សិស្សបរទេសត្រូវបានដំឡើងដល់ចំនួន១.៦០០ដុល្លារអូស្រ្តាលី ឬស្មើនឹង១.០៦៨ដុល្លារអាមេរិក ខណៈកាលពីមុន សេវាធ្វើទិដ្ឋាការសម្រាប់សិស្សបរទេសមានតម្លៃត្រឹមតែ៧១០ដុល្លារអូស្រ្តាលី ឬស្មើនឹង៤៧៣ដុល្លារអាមេរិកប៉ុណ្ណោះ។
ចំណែក អ្នកកាន់ទិដ្ឋាការទេសចរណ៍ និងនិស្សិត ដែលមានទិដ្ឋាការបញ្ចប់ការសិក្សាបណ្តោះអាសន្ន ត្រូវបានហាមឃាត់ពីការស្នើសុំទិដ្ឋាការបន្ត។
រដ្ឋាភិបាលអូស្រ្តាលី ក៏កំពុងរឹតបន្តឹងច្បាប់ផ្តល់ទិដ្ឋាការ ឱ្យនិស្សិតបរទេសបន្តស្នាក់នៅអូស្ត្រាលីផងដែរ បន្ទាប់ពីចំនួនសិស្សដែលមានទិដ្ឋាការបណ្តោះអាសន្នស្រាប់ ក្នុងឆ្នាំសិក្សា២០២២-២០២៣ បានកើនឡើងជាង៣០ភាគរយ៕ប្រភព: LinkedIn៕
