តើលោកមហាសេដ្ឋី Warren Buffett វិនិយោគលើគ្រីបតូដោយរបៀបណា ហើយយើងអាចទិញភាគហ៊ុនពីក្រុមហ៊ុនរបស់លោកឬទេ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Warren Buffett មហាសេដ្ឋីសហរដ្ឋអាមេរិក និងជាវិនិយោគិនដ៏ល្បីល្បាញមួយរូប ត្រូវបានគេស្គាល់ថា លោកជាអ្នករិះគន់ចំពោះកាក់ Bitcoin ឬរូបិយបណ្ណគ្រីបតូ ដែលជាទ្រព្យសកម្មឌីជីថលមួយប្រភេទដ៏មានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន។

លោកបានលើកឡើងថា“ប្រសិនបើអ្នកប្រាប់ខ្ញុំថា អ្នកជាម្ចាស់ Bitcoin ទាំងអស់នៅលើពិភពលោក ហើយអ្នកចង់លក់គ្រីបតូទាំងអស់នោះឱ្យមកខ្ញុំក្នុងតម្លៃត្រឹមតែ២៥ដុល្លារ ក៏ខ្ញុំមិនទិញវាដែរ”។

ប៉ុន្តែ​ ផ្ទុយទៅវិញ ក្រុមហ៊ុន​ខ្នាតយក្ស Berkshire Hathaway របស់លោក Warren Buffett បានកាន់កាប់​ភាគហ៊ុនរបស់ធនាគារ​មួយ ដែល​ផ្ដល់​សេវាកម្មជួញដូររូបិយបណ្ណ​គ្រីបតូ។

ជាក់ស្ដែង ក្រុមហ៊ុន Berkshire Hathaway បានបណ្តាក់ទុនចំនួន៥០០លានអាមេរិកនៅក្នុងធនាគារ Nubank ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ប្រទេសប្រេស៊ីលកាលពីខែមិថុនា ឆ្នាំ២០២១ និងបានបោះផ្សាយលក់នូវមូលបត្របំណុលសាធារណៈជាលើកដំបូងរបស់ខ្លួន (IPO) នៅចុងឆ្នាំដដែលនោះ។

ធនាគារ Nubank នេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការជួញដូរកាក់ Bitcoin និងរូបិយបណ្ណគ្រីបតូផ្សេងទៀត ព្រមទាំងបង្កើតរូបិយបណ្ណគ្រីបតូផ្ទាល់ខ្លួន ដែលមានឈ្មោះថា “nucoin”។

ការវិនិយោគរបស់ក្រុមហ៊ុន Berkshire Hathaway លើភាគហ៊ុនរបស់ធនាគារ Nubank បានទទួលផលចំណេញយ៉ាងច្រើន ដោយសាររដ្ឋាភិបាលប្រេស៊ីលមានគោលនយោបាយបើកចំហយ៉ាងខ្លាំងចំពោះគ្រីបតូ។ ការវិនិយោគនេះបានក្លាយជាប្រភពប្រាក់ចំណេញដ៏ធំបំផុតមួយនៅក្នុងផលប័ត្ររបស់ក្រុមហ៊ុន Berkshire Hathaway។

យ៉ាងណាមិញ លោក Warren Buffett នៅតែមានការស្ទាក់ស្ទើរចិត្ត ក្នុងការវិនិយោគលើគ្រីបតូដោយខ្លួនលោកផ្ទាល់។

តើគេអាចទិញភាគហ៊ុន Berkshire Hathaway ដោយរបៀបណា?។

ដើម្បីទិញភាគហ៊ុនរបស់ក្រុមហ៊ុន Berkshire Hathaway ជាដំបូង គេត្រូវបង្កើតគណនីឈ្មួញកណ្តាល(Brokerage account) រួចហើយលោកអ្នកត្រូវបញ្ចូលលុយទៅក្នុងគណនីនោះ។

បន្ទាប់មក លោកអ្នកអាចស្វែងរកភាគហ៊ុនដែលអ្នកចង់ទិញពីក្រុមហ៊ុន Berkshire Hathaway នៅក្នុងគណនីឈ្មួញកណ្តាលរបស់លោកអ្នក ដោយប្រើប្រាស់សញ្ញាធីក “BRK.B”។

បន្ទាប់មកទៀត លោកអ្នកត្រូវបំពេញពាក្យស្នើសុំការបញ្ជាទិញភាគហ៊ុន ដោយជ្រើសរើសថា តើលោកអ្នកចង់ទិញភាគហ៊ុនជាប្រាក់ដុល្លារ ឬជាចំនួនហ៊ុន?។ បន្ទាប់មក លោកអ្នកត្រូវចុច Submit ឬដាក់ស្នើការបញ្ជាទិញរួចជាការស្រេច។

តើគេអាចទិញភាគហ៊ុន Nubank ដោយរបៀបណា?។

ដំបូងឡើយ លោកអ្នកត្រូវបើកគណនីឈ្មួញកណ្តាលមួយ មុនពេលទិញភាគហ៊ុនរបស់ធនាគារនេះ។ បន្ទាប់ពីមក លោកអ្នកត្រូវបញ្ចូលចំនួនទឹកប្រាក់ទៅក្នុងគណនីនោះ និងកំណត់ចំនួនទឹកប្រាក់ដែលលោកអ្នកចង់វិនិយោគ។

ក្រោយពីលោកអ្នកបានបើក និងបញ្ចូលទឹកប្រាក់ទៅក្នុងគណនី ព្រមទាំងកំណត់ចំនួនដើមទុនវិនិយោគរបស់លោកអ្នក និងធ្វើការស្រាវជ្រាវអំពីភាគហ៊ុននោះ។

រួចមក លោកអ្នកគ្រាន់តែចុចចូលទៅកាន់ទំព័រនៃការបញ្ជាទិញរបស់គណនីឈ្មួញកណ្តាលរបស់លោកអ្នក ហើយបំពេញព័ត៌មានពាក់ព័ន្ធទាំងអស់ រួមមានដូចជា ចំនួនភាគហ៊ុន ដែលលោកអ្នកចង់ទិញ ឬចំនួនទឹកប្រាក់ ដែលលោកអ្នកចង់ដាក់វិនិយោគ។

នៅពេលដែលបំពេញព័ត៌មានចាំបាច់នានារួចរាល់ លោកអ្នកគ្រាន់តែចុចដើម្បីដាក់ស្នើការបញ្ជាទិញ ហើយលោកអ្នកនឹងក្លាយជាម្ចាស់ភាគហ៊ុនរបស់ធនាគារ Nu Holdings ជាការស្រេច៕ប្រភព: Forbes៕

LEAVE A REPLY

Please enter your comment!
Please enter your name here