អ្នកវិភាគ: វៀតណាម​កំពុងត្រៀម​ខ្លួន​ក្លាយ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិដូច​ប្រទេស​ស្វីស សិង្ហបុរី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: អ្នកវិភាគមួយរូបបានលើកឡើងថា ប្រទេសវៀតណាមមានសក្តានុពលក្នុងការប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ស្រដៀងទៅនឹងប្រទេសស្វីស ប្រទេសសិង្ហបុរី និងប្រទេសអេមីរ៉ាត់អារ៉ាប់រួម។

លោក Roger Leitner ប្រធាន និងជានាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអាស៊ី-ស្វីសបានអះអាងថា វៀតណាមអាចសម្រេចបានគោលដៅនេះ តាមរយៈការបើកចំហទីផ្សាររបស់ខ្លួនដល់ស្ថាប័នហិរញ្ញវត្ថុនានានៅលើពិភពលោក ដើម្បីចូលរួមដល់ការអភិវឌ្ឍន៍ទីផ្សារទ្រព្យសកម្មឌីជីថល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយធនាគារឯកជនក្នុងស្រុក។

ការ​អត្ថាធិប្បាយ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​កិច្ច​ពិភាក្សា​ស្តីអំពី​ការ​វិនិយោគ​បច្ចេកវិទ្យា​ជាន់ខ្ពស់​នៅក្នុងប្រទេស​វៀតណាម​ ដែល​បានរៀបចំ​ឡើងនៅ​ទីក្រុង Davos ប្រទេស​ស្វីស និងជា​ផ្នែក​មួយ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​។ ការពិភាក្សានេះបានទទួលការចូលរួមពីអ្នកតំណាងក្រុមហ៊ុនជាង៣០ស្ថាប័នមកពីជុំវិញពិភពលោក។

ផែនការរបស់ប្រទេសវៀតណាមក្នុងការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅក្នុងទីក្រុងហូជីមិញ និងទីក្រុងដាណាង (Da Nang) នៅឆ្នាំ២០២៥ ក្លាយជាប្រធានបទដ៏សំខាន់មួយក្នុងចំណោមប្រធានបទផ្សេងទៀតក្នុងកិច្ចពិភាក្សាខាងលើ។ ផែនការនេះមានគោលបំណងដាក់ប្រទេសវៀតណាមជាគោលដៅហិរញ្ញវត្ថុឈានមុខគេមួយក្នុងតំបន់ និងសកលលោក។

លោក Nguyen Chi Dung រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុស្របតាមស្តង់ដារពិភពលោក និងមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់។

លោក​ Nguyen បាន​ថ្លែង​ថា​ “យើង​មាន​គោលបំណង​ផ្តល់​ជូននូវ​អ្វី​ទាំងអស់ ដែល​ក្រុមអ្នក​វិនិយោគ​ត្រូវ​ការ​ ឱ្យលើសពីអ្វីដែលប្រទេស​វៀតណាម​មាន​”។

ក្រសួងបានស្នើឱ្យមានការសាកល្បងសកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) រួមទាំងទ្រព្យសកម្មឌីជីថល និងការជួញដូររូបិយបណ្ណគ្រីបតូ នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុនានាដូចជាទីក្រុងហូជីមិញ និងទីក្រុងដាណាង។

ជាមួយគ្នានេះ រដ្ឋាភិបាលវៀតណាមបានកំណត់យកវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាកត្តាជំរុញដ៏សំខាន់នៃគោលដៅកំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

លោក Truong Gia Binh ប្រធានក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់វៀតណាម FPT បានមានប្រសាសន៍ឱ្យដឹងថា ប្រទេសនេះនឹងសម្រេចបាននូវគោលដៅរបស់ខ្លួន ដោយបង្កើនការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការផ្លាស់ប្តូរឌីជីថល បន្ទះឈីប និងការអប់រំ។

លោក Binh បានបន្ថែមថា វៀតណាមមានសក្តានុពលក្នុងការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដោយលោកបានលើកឡើងពីការសម្រេចចិត្តនាពេលថ្មីៗនេះរបស់ក្រុមហ៊ុនខ្នាតយក្សសហរដ្ឋអាមេរិក Nvidia ក្នុងការបោះទុនវិនិយោគនៅក្នុងប្រទេសវៀតណាម។

ជាក់ស្ដែង ក្រោយពីបានទិញយកក្រុមហ៊ុន VinBrain ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនវៀតណាម Vingroup រួចមក ក្រុមហ៊ុនអាមេរិក Nvidia គ្រោងនឹងបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍន៍ AI និងបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសវៀតណាម។

ជាមួយគ្នានេះ ក្រុមហ៊ុនបារាំង Schneider Electric ដែលមានឯកទេសខាងស្វ័យប្រវត្តិកម្មឌីជីថលក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការសហការជាមួយក្រុមហ៊ុន Nvidia ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសវៀតណាមផងដែរ៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here