ដោយ: គង់ លាងហួរ
អន្តរជាតិ: ការហក់ឡើងយ៉ាងគំហុកនៃតម្លៃដីធ្លីនៅក្នុងប្រទេសវៀតណាម កំពុងបង្កឱ្យមានការព្រួយបារម្ភពីសំណាក់ក្រុមអ្នកជំនាញ និងភាគីពាក់ព័ន្ធនានា ព្រោះស្ថានភាពនេះនឹងអាចក្លាយជាបញ្ហាប្រឈមសម្រាប់វិស័យអចលនទ្រព្យក្នុងប្រទេសវៀតណាម។
គិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តចំនួន២៥ទូទាំងប្រទេសវៀតណាម បានចេញក្របខណ្ឌតម្លៃដីថ្មី ដែលមានប្រសិទ្ធភាពដល់ដំណាច់ចុងឆ្នាំ២០២៥ ។ ការចេញក្របខណ្ឌនេះ ជាផ្នែកមួយនៃកំណែទម្រង់ក្រោមច្បាប់ស្តីពីភូមិបាលឆ្នាំ២០២៤ ក្នុងគោលបំណងលើកកម្ពស់តម្លាភាព និងធ្វើឱ្យតម្លៃដីស៊ីសង្វាក់គ្នាទៅនឹងតម្លៃនៅលើទីផ្សារជាក់ស្តែង។
ទោះបីជាយ៉ាងណាក្តី ការហក់ឡើងថ្លៃយ៉ាងគំហុកនៃតម្លៃដីនៅតាមតំបន់មួយចំនួន បានធ្វើឱ្យប្រជាជន និងក្រុមអ្នកវិនិយោគមានការប្រុងប្រយ័ត្ន និងបង្កជាក្តីព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងវិស័យអចលនទ្រព្យ។
-->

ជាក់ស្តែង តម្លៃដីធ្លីនៅក្នុងទីក្រុងហូជីមិញបានហក់ឡើងថ្លៃចំនួន៣៨ដង ដោយដីនៅតំបន់មួយចំនួននៃទីក្រុងនេះមានតម្លៃ៦៨៧,២លានដុង (ប្រហែល២៧.០៥៥ ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។
ដោយឡែក តម្លៃដីធ្លីនៅទីក្រុងហាណូយបានកើនឡើងចន្លោះពី២ដងទៅ៦ដង ខណៈដែលតម្លៃដីនៅតំបន់មួយចំនួននៃរដ្ឋធានីមួយនេះបានហក់ឡើងដល់៦៩៥,៣លានដុង(ប្រហែល២៧.៥០០ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។
កំណើនដ៏ខ្ពស់នេះបានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងអ្នកវិនិយោគ អំពីលទ្ធភាព ព្រោះស្ថានភាពនេះអាចកាត់បន្ថយលទ្ធភាពនៃការទិញដី និងភាពទាក់ទាញនៃការវិនិយោគ។
លោក Nguyễn Quốc Hiệp ប្រធានសមាគមអ្នកម៉ៅការសំណង់វៀតណាម (VACC) បានបង្ហាញក្តីព្រួយបារម្ភអំពីការហក់ឡើងនៃតម្លៃដី ព្រោះវាអាចជះផលប៉ះពាល់ដល់បរិយាកាសវិនិយោគនៅប្រទេសវៀតណាម។

លោកបានអះអាងថា តម្លៃដីក្នុងកម្រិតប្រកួតប្រជែង គួបផ្សំនឹងតម្លៃកម្លាំងពលកម្មសមរម្យ និងហេដ្ឋារចនាសម្ព័ន្ធភស្តុភារប្រកបដោយប្រសិទ្ធភាព ជាកត្តាសំខាន់ក្នុងការទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI)។
លោក Hiệp បានគូសបញ្ជាក់បន្ថែមថា “ប៉ុន្តែ នៅពេលតម្លៃពលកម្ម និងតម្លៃដីកើនឡើងព្រមគ្នា នោះសមត្ថភាពនៃការប្រកួតប្រជែងរបស់វៀតណាមអាចប្រឈមមុខនឹងហានិភ័យ ដែលអាចជះផលប៉ះពាល់ដល់ការវិនិយោគនាពេលអនាគត”៕ប្រភព:Viet Nam News៕
