ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE អះអាងថា វឌ្ឍនភាពឆាប់រហ័សនៃការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ និងការផ្លាស់ប្តូរទៅកាន់បច្ចេកវិទ្យាថ្មីនឹងក្លាយទៅជាកត្តាជំរុញទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសម៉ាឡេសុី។
លោក Tan Ka Leong នាយកគ្រប់គ្រងក្រុមហ៊ុន CBRE ប្រចាំប្រទេសម៉ាឡេសុីបានលើកឡើងថា “ដើម្បីទាញបានអត្ថប្រយោជន៍ជាអតិបរមាពីកត្តាជំរុញទាំង២នេះ ការរៀបចំធ្វើផែនការអភិវឌ្ឍន៍ និងបទប្បញ្ញត្តិនៃការសាងសង់គួរតែត្រូវបានពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាព”។
លោកស្រី Mary Kurien អ្នកជំនាញនៅក្រុមហ៊ុន CBRE ប្រចាំប្រទេសម៉ាឡេសុីបានមានប្រសាសន៍ឱ្យដឹងថា “ទីផ្សារអចលនទ្រព្យនៅតំបន់ Klang Valley នឹងត្រូវបានជំរុញដោយការរីកចម្រើននៅក្នុងផ្នែកឧស្សាហកម្ម ការលក់រាយ និងបដិសណ្ឋារកិច្ច”។
-->
លោកស្រីបានគូសបញ្ជាក់ថា សួនឧស្សាហកម្មនានានៅតំបន់នេះកំពុងវិវត្តន៍ឆ្ពោះទៅរកឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ដោយរួមបញ្ចូលទាំងបញ្ញាសិប្បនិម្មិត (AI) និងនិរន្តរភាពបៃតង ដែលស្របតាមផែនការមេឧស្សាហកម្មថ្មី (NIMP) ឆ្នាំ២០៣០របស់រដ្ឋាភិបាលម៉ាឡេសុី។

លោកស្រីបានមានប្រសាសន៍ឱ្យដឹងបន្តថា“តម្រូវការនានាទាក់ទងនឹងបច្ចេកវិទ្យា AI សេវាកម្ម Could និងការអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យបន្តជំរុញសន្ទុះនេះ”។
ស្រដៀងគ្នានេះដែរ ការលក់រាយ និងសណ្ឋាគារនៅប្រទេសម៉ាឡេសុីកំពុងទទួលបានអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។ការណ៍នេះបានពង្រឹងភាពធន់នៃទីផ្សារអចលនទ្រព្យរបស់តំបន់ Klang Valley បន្ថែមទៀត។
លោកស្រី Kurien បានបញ្ជាក់ឱ្យដឹងបន្ថែមថា អ្នកលក់រាយកំពុងបង្ហាញពីសុទិដ្ឋិនិយមជាថ្មី ស្របពេលមានការទិញយកហាងលក់រាយ និងការបញ្ចូលម៉ាកយីហោល្បីៗ។
នៅក្នុងបរិបទនេះ លោកស្រី Kurien បានកត់សម្គាល់ឃើញថា ភាគីពាក់ព័ន្ធសំខាន់ៗបានសាកល្បងយុទ្ធសាស្ត្រផ្សេងៗដើម្បីធ្វើឱ្យផ្សារទំនើបកាន់តែមានភាពទាក់ទាញ រួមទាំងការបង្កើតជម្រើសម្ហូបអាហារចម្រុះកាន់តែច្រើន ការរៀបចំវេទិកាសិល្បៈ និងវប្បធម៌ ទីតាំងកម្សាន្ត និងកីឡា។
សម្រាប់ទីផ្សារសណ្ឋាគារ ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិបានជាង៣១លាននាក់នៅឆ្នាំ២០២៥នេះ។ការណ៍នេះនឹងជួយជំរុញដល់តម្រូវការបដិសណ្ឋារកិច្ចនៅក្នុងប្រទេសម៉ាឡេសុី។

លោកស្រី Kurien បានអះអាងថា “សណ្ឋាគារលំដាប់ផ្កាយ៥ ថ្មីចំនួនជាង២.០០០បន្ទប់នឹងត្រូវបានចាក់បញ្ចូលទៅកាន់ទីផ្សាររបស់ម៉ាឡេសុី។ ក្នុងនោះ បន្ទប់សណ្ឋាគារចំនួន៦១ភាគរយនឹងស្ថិតនៅក្នុងតំបន់ Klang Valley”។
ចំពោះទីផ្សារលំនៅដ្ឋាន លោកស្រី Kurien បានសង្កេតឃើញមាននិន្នាការឆ្ពោះទៅរកការដាក់បញ្ចូលតំបន់អង្គុយធ្វើការរួមគ្នា(Co-working lounges)ទៅក្នុងលំនៅដ្ឋានដើម្បីរក្សាតុល្យភាពនៃការរស់នៅក្នុងទីក្រុង និងរចនាប័ទ្មការងារ។
លើសពីនេះ ទីផ្សារលំនៅដ្ឋានក៏នឹងផ្តោតទៅលើលក្ខណៈអគារបៃតង ដូចជាការប្រើប្រាស់សម្ភារៈសំណង់ប្រកបដោយនិរន្តរភាព ការដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យនៅតាមផ្ទះ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាកថ្មរថយន្តអគ្គិសនី (EV)។
តំបន់ Klang Valley ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំនៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងគូឡាឡាំពួរ (Kuala Lumpur) និងទីក្រុង Putrajaya៕ប្រភព: The Edge Malaysia៕