បណ្តាអ្នក​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ថៃ​ធំៗកំណត់​គោល​ដៅ​លើទីផ្សារ​ខុនដូ​ ខណៈទីផ្សារអចលនទ្រព្យជារួមស្ថិតនៅទ្រឹង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថៃឈានមុខគេកំពុងដាក់ចេញនូវយុទ្ធសាស្ត្រប្រកបដោយមហិច្ឆតាសម្រាប់ឆ្នាំ២០២៥ ខណៈទីផ្សារអចលនទ្រព្យថៃនៅឆ្នាំនេះរំពឹងថា នឹងស្ថិតនៅទ្រឹងបើធៀបនឹងឆ្នាំ២០២៤។

ស្ថានភាពលំបាកនេះបានជំរុញឱ្យអ្នកអភិវឌ្ឍន៍ធំៗព្យាយាមធ្វើពិពិធកម្មផលបត្ររបស់ពួកគេ និងប្រកាន់យកវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត ដើម្បីចាប់យកតម្រូវការដែលមានស្រាប់។

យោងតាមការវិភាគដោយមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចរបស់ធនាគារ Siam Commercial Bank បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យថៃនៅតែបន្តប្រឈមមុខនឹងបញ្ហាធំៗចំនួន៣យ៉ាង រួមមានដូចជា ការធ្លាក់ចុះអំណាចនៃការទិញ ការរឹតបន្តឹងការផ្តល់ប្រាក់កម្ចី រួមទាំងការកើនឡើងនៃអត្រាការប្រាក់ និង​តម្លៃ​សំណង់​។

ទោះបីជាទីផ្សារអចលនទ្រព្យថៃជួបប្រទះបញ្ហាប្រឈមទាំងនេះយ៉ាងណាក្តី ប៉ុន្តែបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យធំៗបានសង្កេតឃើញឱកាសវិនិយោគដ៏មានសក្តានុពល។

តួយ៉ាង ក្រុមហ៊ុន Supalai PCL ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏លេចធ្លោមួយរបស់ប្រទេសថៃបានប្រកាសពីផែនការបើកដំណើរការគម្រោងខុនដូថ្មីចំនួន៣៦គម្រោង ក្រោមទុនវិនិយោគចំនួន៤៦ពាន់លានបាត(ប្រហែល១,៣៦ពាន់លានដុល្លារអាមេរិក)។

ផ្ទុយទៅវិញ ក្រុមហ៊ុន Land & Houses បានប្រកាន់គោលជំហរប្រុងប្រយ័ត្នជាងមុន ដោយកាត់បន្ថយការអភិវឌ្ឍន៍គម្រោងថ្មីចំនួន៦៤ភាគរយ និងផ្តោតលើការរក្សាទុកសាច់ប្រាក់ងាយស្រួល។

ដោយឡែក ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សថៃ Sansiri បានសម្លឹងឃើញឱកាសនៅក្នុងទីផ្សារខុនដូ ជាពិសេសគម្រោងខុនដូនៅជិតផ្លូវគមនាគមន៍ធំៗ។

លោក Poomipak Julmanichoti ប្រធានផ្នែកយុទ្ធសាស្រ្តនៅក្រុមហ៊ុន Sansiri បានលើកឡើងថា “ទីផ្សារខុនដូអាចមានស្ថានភាពប្រសើរឡើងនៅឆ្នាំនេះ ដោយសារការផ្គត់ផ្គង់ខុនដូថ្មីក្រោយវិបត្តិជំងឺកូវីដ-១៩នៅមានកម្រិត”។

លោកបន្ថែមថា ក្រុមហ៊ុន Sansiri មានសុទិដ្ឋិនិយម ជាពិសេសចំពោះគម្រោងខុនដូនៅជិតខ្សែរថភ្លើង ខណៈរដ្ឋាភិបាលថៃបានដាក់ចេញគោលនយោបាយកំណត់តម្លៃសំបុត្ររថភ្លើងក្នុងអត្រាថេរ។

ដោយឡែក ក្រុមហ៊ុន Fraser Property Thailand (FPT) កំពុងធ្វើពិពិធកម្មយុទ្ធសាស្ដ្ររបស់ខ្លួន ដោយកំណត់គោលដៅទាំងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។

ក្រុមហ៊ុននេះគ្រោងនឹងចាប់ផ្តើមគម្រោងលំនៅដ្ឋានថ្មីចំនួន៦គម្រោង ដែលមានតម្លៃទុនវិនិយោគចំនួន៩,៨ពាន់លានបាត និងពង្រីកផលបត្រអចលនទ្រព្យឧស្សាហកម្មរបស់ខ្លួន។

ក្រុមអ្នកវិភាគអះអាងថា ការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យថៃនៅឆ្នាំ២០២៥ នឹងអាស្រ័យលើការដាក់ចេញវិធានការគាំទ្ររបស់រដ្ឋាភិបាល ជាពិសេសការជួយឱ្យប្រជាជនមានប្រាក់ចំណូលមធ្យម អាចទទួលបានប្រាក់កម្ចីទិញផ្ទះក្នុងលក្ខខណ្ឌងាយស្រួល៕ប្រភព: The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here