ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនផ្តល់សេវាកម្មប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ CBRE បានព្យាករណ៍ថា ទីផ្សារការិយាល័យនៅរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីននឹងទទួលបានការជួលពីបណ្តាក្រុមហ៊ុនផ្នែកថែទាំសុខភាព និងធនាគារនៅឆ្នាំ២០២៥នេះ។
លោក Jie C. Espinosa អគ្គនាយកនៃក្រុមហ៊ុន CBRE Philippines បានលើកឡើងថា បណ្តាក្រុមហ៊ុន ដែលស្វែងរកជួលការិយាល័យនៅឆ្នាំនេះរួមមានផ្នែកថែទាំសុខភាព ធនាគារ សេវាហិរញ្ញវត្ថុ និងការធានារ៉ាប់រង។
លោក Espinosa បានកត់សម្គាល់ថា “ក្រុមហ៊ុនទាំងនោះគ្រោងជួលការិយាល័យនៅក្នុងទីតាំងដែលមានហានិភ័យទាប និងទីតាំងដែលអំណោយផលល្អសម្រាប់ការចាប់ផ្តើមអាជីវកម្មបានយ៉ាងងាយស្រួល ក្នុងរយៈពេល៤ខែ ទៅ៦ខែខាងមុខ”។
លោក Espinosa បានបន្ថែមថា “ការឈានជើងចូលទីផ្សារការិយាល័យរបស់ហ្វីលីពីនពីសំណាក់បណ្តាក្រុមហ៊ុនថ្មីៗទាំងនេះនឹងជួយកាត់បន្ថយផលប៉ះពាល់ពីការចាកចេញរបស់ក្រុមហ៊ុនប្រតិបត្តិករហ្គេមអនឡាញបរទេស (POGOs) ដែលត្រូវបានហាមឃាត់មិនឱ្យបើកដំណើរការនៅហ្វីលីពីនតទៅទៀត”។
លោកស្រី Samantha Laureola ប្រធានទទួលបន្ទុកផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន CBRE Philippines បានគូសបញ្ជាក់ថា ចំនួន៣១ភាគរយនៃទំហំការិយាល័យសរុប ដែលទុកទំនេរចោលនៅទីក្រុងម៉ានីលបណ្តាលមកពីការបិទទ្វារក្រុមហ៊ុនហ្គេមអនឡាញបរទេស៕ប្រភព: Business World៕