គម្រោងអគារប្លែកៗខ្ពស់កប់ពពកចំនួន៥នៅលើពិភពលោកត្រូវបានគេបោះបង់ចោល

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងអគារខ្ពស់កប់ពពកមួយចំនួននៅលើពិភពលោកត្រូវបានគេបោះបង់ចោល ដោយសារបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ ឬសង្គម ហើយអគារខ្លះ​ត្រូវ​បាន​គេ​ទុក​ចោលជាស្ថាពរ ខណៈដែលអគារខ្លះ​ទៀត​ត្រូវ​បានរុះរើចេញ។

ខាងក្រោមនេះជាអគារខ្ពស់កប់ពពកចំនួន៥ នៅលើពិភពលោក ដែលត្រូវបានគេបោះបង់ចោល៖

ទី១: គម្រោងអគារ Sathorn Unique កម្ពស់១៨៥ម៉ែត្រនៅទីក្រុងបាងកក ប្រទេសថៃ។

អគារនេះត្រូវបានគេស្គាល់ជាទូទៅថា ជា អគារ“Ghost Tower”របស់ប្រទេសថៃ ដែលបានចាប់ផ្ដើមសាងសង់តាំងពីឆ្នាំ១៩៩០។ គម្រោងអគារខុនដូប្រណីតកម្ពស់៤៧ជាន់នេះបានបញ្ចប់ការសាងសង់ត្រឹមតែ៨០ភាគរយប៉ុណ្ណោះ នៅពេលផ្ទុះវិបត្តិហិរញ្ញវត្ថុអាស៊ីកាលពីឆ្នាំ១៩៩៧។

គម្រោង​ទាំង​មូល​បាន​ជាប់គាំង ​ក្រោយពេល​លោក Rangsan Torsuwan ស្ថាបត្យករជនជាតិថៃដ៏ល្បីល្បាញដែលទទួលបន្ទុករចនាគម្រោងអគារនេះ ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពី​បទ​រៀបចំ​ផែនការ​ធ្វើ​ឃាត​ប្រធាន​តុលាការ​កំពូល​របស់​ប្រទេស​ថៃ។

ក្រោយ​មក​លោក Rangsan ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ទោសកំហុស​នៅក្នុង​ឆ្នាំ២០០៨ ហើយបន្ទាប់មក រូបលោកត្រូវបានសាលា​ឧទ្ធរណ៍សម្រេចដោះលែងវិញនៅក្នុង​ឆ្នាំ២០១០។

ទី២: គម្រោងអគារ Seaport កម្ពស់ជាង២០៤ម៉ែត្រនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

គម្រោងអគារលំនៅដ្ឋាន Seaport បានប្តេជ្ញានាំមកនូវភាពប្រណីត រួមមានអាងហែលទឹកដែលគ្មានដែនកំណត់ ទិដ្ឋភាពដ៏អស្ចារ្យ និងពិដានកម្ពស់ជាង៣ម៉ែត្រ។ អ្នក​ទិញ​បាន​​ដាក់​ប្រាក់​កក់រាប់​សែន​ដុល្លារ។

នៅឆ្នាំ២០១៧ ជាងឈើម្នាក់ ដែលធ្វើការក្នុងគម្រោងអគារតម្លៃ២៧៣លានដុល្លារនេះបានធ្លាក់ពីលើអគារ រហូតបណ្តាលឱ្យបាត់បង់ជីវិត។ បន្ថែមពីលើនោះ ក្រុមហ៊ុនម៉ៅការ និងអ្នកអភិវឌ្ឍន៍គម្រោងនេះបានចាប់ផ្តើមដាក់ការស្តីបន្ទោសគ្នាទៅវិញទៅមក ក្រោយពីអគារនេះបានផ្អៀងងាកទៅខាងឆ្វេង។ ការដ្ឋានសំណង់​ត្រូវ​បាន​ផ្អាក​តាំង​ពី​ឆ្នាំ២០២០។

ទី៣: គម្រោងអគារ SkyCity កម្ពស់៣៣៥ម៉ែត្រនៅទីក្រុង Mandaluyong ប្រទេសហ្វីលីពីន។

គម្រោងមួយនេះត្រូវបានប្រកាសឡើងនៅឆ្នាំ១៩៩៧។ ប៉ុន្តែ គម្រោងនេះត្រូវបានរំសាយចោលវិញ បន្ទាប់ពីម្ចាស់ផ្ទះនៅក្បែរនោះបានសម្តែងការត្អូញត្អែរ ដោយលើកឡើងនូវហេតុផលជាច្រើន ដូចជា ថា អគារនេះនឹងជះស្រមោលដ៏ធំលើផ្ទះរបស់អ្នករស់នៅក្បែរនោះ។

ដើមឡើយ អ្នកអភិវឌ្ឍន៍បានដាក់ក្តីសង្ឃឹមថា អគារ SkyCity នឹងក្លាយជាអគារខ្ពស់ជាងគេរបស់ប្រទេសហ្វីលីពីន ដែលរួមមានសណ្ឋាគារ ខុនដូ និងបារ។ការតតាំងផ្នែកច្បាប់បានអូសបន្លាយអស់រយៈពេលយ៉ាងយូរ ហើយលំហូរមូលនិធិសម្រាប់គម្រោងដែលមានតម្លៃប្រមាណ៨៥លានដុល្លារបានរីងស្ងួត។

ទី៤: គម្រោងសណ្ឋាគារ Ryugyong កម្ពស់ជិត៣៣០ម៉ែត្រនៅក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។

អគាររាងពីរ៉ាមីតនេះត្រូវបានដាក់រហស្សនាមថា “Hotel of Doom”ដោយសារសណ្ឋាគារទាំងមូលត្រូវបានទុកទំនេរចោល និងសាងសង់មិនទាន់រួចរាល់១០០ភាគរយក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ។

គម្រោងអគារកម្ពស់១០៥ជាន់បានចាប់ផ្តើមនៅឆ្នាំ១៩៨៧ ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីកូរ៉េខាងជើងលោក Kim Il Sung ដែលជាជីតារបស់លោក Kim Jong Un ។

នៅឆ្នាំ១៩៩២ សេដ្ឋកិច្ចរបស់កូរ៉េខាងជើងបានដាំក្បាលចុះ បន្ទាប់ពីការដួលរលំរបស់សហភាពសូវៀត។ ការណ៍នេះបានធ្វើឱ្យគម្រោងសណ្ឋាគារ Ryugyong ស្ថិតក្នុងភាពជាប់គាំង។

ការសាងសង់បានផ្អាកចាប់តាំងពីពេលនោះមក ហើយគេមិនដឹងច្បាស់ថា សណ្ឋាគារនេះនឹងបើកដំណើរការនៅពេលណានោះទេ។កាលពីឆ្នាំ២០០៨ សារពត៌មាន Reuters បានរាយការណ៍ថា គម្រោងនេះត្រូវការទុនវិនិយោគចំនួន២ពាន់លានដុល្លារដើម្បីបញ្ចប់ការសាងសង់ទាំងស្រុង។

ទី៥: គម្រោងអគារ Goldin Finance 117 កម្ពស់៥៩៦,៥ម៉ែត្រនៅទីក្រុងធានជីន ប្រទេសចិន។

គម្រោងនេះបានចាប់ផ្តើមការដ្ឋានសាងសង់នៅឆ្នាំ២០០៨ រួមមាន​សណ្ឋាគារ ខុនដូ និង​ការិយាល័យ។នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០១០ ក្រុមហ៊ុន Goldin Group ដែលជាអ្នកអភិវឌ្ឍន៍គម្រោងនេះបានចាប់ផ្តើមជួបប្រទះបញ្ហាហិរញ្ញវត្ថុ។ ការណ៍នេះបាននាំឱ្យគម្រោងអគារ Goldin Finance 117 ស្ថិតក្នុងភាពជាប់គាំងរហូតមកទល់ពេលនេះ។

ទស្សនាវដ្តី Forbes បានរាយការណ៍នៅឆ្នាំ២០២២ ថា គម្រោងនេះត្រូវការទុនវិនិយោគចំនួន១០ពាន់លានដុល្លារដើម្បីបញ្ចប់ការសាងសង់ជាស្ថាពរ៕ប្រភព: Business Insider៕

LEAVE A REPLY

Please enter your comment!
Please enter your name here