ដោយ: គង់ លាងហួរ
អន្តរជាតិ: ទិដ្ឋភាពនៅលើទីផ្សារអចលនទ្រព្យនៅក្នុងតំបន់អាស៊ីមានការប្រែប្រួល ដោយសារភាពមិនប្រាកដប្រជាអំពីគោលនយោបាយអាមេរិកជាអាទិភាពទី១ ឬហៅថា“America first” របស់រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូ ណាល់ត្រាំ។
គោលនយោបាយគាំពារនិយមរបស់រដ្ឋបាលលោក ត្រាំ នឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក និងពិភពលោកទាំងមូល និងធ្វើឱ្យទស្សនវិស័យសម្រាប់វិស័យអចលនទ្រព្យក្នុងតំបន់អាសុីស្ថិតក្នុងភាពមិនច្បាស់លាស់។

-->
ទោះជាយ៉ាងនេះក្តី លោក Nicholas Spiro ដៃគូនៅក្រុមហ៊ុនជំនាញផ្នែកអចលនទ្រព្យ និងប្រឹក្សាម៉ាក្រូសេដ្ឋកិច្ច Lauressa Advisory ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បានលើកឡើងថា បណ្តាវិនិយោគិនអាចទាញបានអត្ថប្រយោជន៍ពីភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល។
យោងតាមការស្ទង់មតិដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានបង្ហាញថា ទីក្រុងតូក្យូនៃប្រទេសជប៉ុនជាគោលដៅដ៏ពេញនិយមបំផុតសម្រាប់ការវិនិយោគអចលនទ្រព្យឆ្លងដែនក្នុងចំណោមបណ្តាទីក្រុងឈានមុខគេរបស់តំបន់អាស៊ី។
លោក Nicholas Spiro បានបញ្ជាក់ថា ស្ថិរភាពនៃភូមិសាស្រ្តនយោបាយសកល និងទិដ្ឋភាពនយោបាយក្នុងស្រុកបានប្រែក្លាយទៅជាកត្តាកំណត់ដ៏សំខាន់សម្រាប់ទស្សនវិស័យនៃទីផ្សារអចលនទ្រព្យនៅក្នុងតំបន់អាស៊ី។
កិច្ចខិតខំប្រឹងប្រែង និងចំណាត់ការនានារបស់រដ្ឋបាលលោក ដូ ណាល់ត្រាំ ក្នុងការទប់ស្កាត់នូវលំហូរជនអន្តោប្រវេសន៍បាននិងកំពុងបង្កើននូវការព្រួយបារម្ភអំពីហានិភ័យនៃការធ្វើចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិក។
គោលនយោបាយប្រឆាំងនឹងលំហូរជនអន្តោប្រវេសន៍ខុសច្បាប់ រួមជាមួយនឹងការគំរាមដំឡើងពន្ធលើបណ្តាក្រុមហ៊ុនបរទេស បានកើតមានឡើង ស្របពេលដែលមានហានិភ័យភូមិសាស្ត្រនយោបាយ និងភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ចសកល។

យោងតាមក្រុមហ៊ុន Henley & Partners បានឱ្យដឹងថា “ប្រទេសសិង្ហបុរី និងអូស្ត្រាលីជាបណ្តាប្រទេសដែលមានសុវត្ថិភាពខ្ពស់ និងសន្តិសុខល្អ ហើយប្រទេសទាំង២នេះមិនរងផលប៉ះពាល់ដោយផ្ទាល់ ដោយសារបញ្ហានយោបាយ និងសេដ្ឋកិច្ចរបស់ពិភពលោកនោះទេ”។
យ៉ាងណាមិញ ប្រទេសសិង្ហបុរី និងអូស្ត្រាលី បានដាក់ការរឹតបន្តឹងលើលើការទិញលំនៅដ្ឋានដោយជនបរទេស ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីការកើនឡើងយ៉ាងគំហុកនៃតម្លៃលក់ផ្ទះ និងតម្លៃជួលក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បន្ទាប់ពីការផ្ទុះវិបត្តិជំងឺរាតត្បាតកូវីដ-១៩។
វិស័យអចលនទ្រព្យក្នុងតំបន់អាសុីកំពុងស្ថិតនៅក្នុងសភាពមិនប្រាកដប្រជា ស្របពេលដែលសេដ្ឋកិច្ចសកលកាន់តែមានការប្រកួតប្រជែង។
គោលនយោបាយពន្ធគយរបស់លោក ត្រាំ នឹងអាចធ្វើឱ្យអត្រាអតិផរណានៅសហរដ្ឋអាមេរិកកើនឡើងវិញ។ ការណ៍នេះនឹងធ្វើឱ្យធនាគារកណ្តាលអាមេរិក(Fed)ផ្អាកការបញ្ចុះអត្រាការប្រាក់ ដែលធ្វើឱ្យវាធនាគារកណ្តាលនានាក្នុងតំបន់អាស៊ីមានការស្ទាក់ស្ទើរក្នុងការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុរបស់ខ្លួន។
លោក Nicholas បានអះអាងឱ្យដឹងបន្ថែមថា ប្រសិនបើអត្រាការប្រាក់បន្តកើនឡើង នោះគម្លាតរវាងតម្រូវការ និងការផ្គត់ផ្គង់នៅទូទាំងទីផ្សារអចលនទ្រព្យក្នុងតំបន់អាស៊ីនឹងកើនឡើងកាន់តែខ្លាំង៕ប្រភព: SCMP៕
