បណ្តាក្រុមហ៊ុនអចលនទ្រព្យនៅទីក្រុងហុងកុងគ្រោងបន្តបញ្ចុះតម្លៃលំនៅដ្ឋានរបស់ខ្លួននៅឆ្នាំនេះដើម្បីទាក់ទាញអតិថិជន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានរាយការណ៍ថា បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងទីក្រុងហុងកុងនៃប្រទេសចិនគ្រោងបន្តបញ្ចុះតម្លៃលំនៅដ្ឋានរបស់ខ្លួន ដើម្បីទាក់ទាញអតិថិជននៅឆ្នាំ២០២៥នេះ។

ការព្យាករណ៍នេះកើតមានឡើង បន្ទាប់ពីធនាគារកណ្តាលសហរដ្ឋអាមេរិក(Fed)បានផ្អាកការទម្លាក់អត្រាការប្រាក់ជាបណ្តោះអាសន្ន គួបផ្សំនឹងបញ្ហាជាប់គាំងសាច់ប្រាក់ងាយស្រួលរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ។

លោក Chau Kwong-wing អគ្គនាយកមជ្ឈមណ្ឌលស្រាវជ្រាវ Ronald Coase នៃសាកលវិទ្យាល័យ Hong Kong University បានអះអាងថា “យើងមិនអាចដាក់ក្តីរំពឹងខ្ពស់ពេកចំពោះការកាត់បន្ថយអត្រាការប្រាក់ ដើម្បីគាំទ្រដល់ទីផ្សារអចលនទ្រព្យនៅឆ្នាំនេះបានទេ”។

គោលនយោបាយកំណត់អត្រាការប្រាក់របស់ទីក្រុងហុងកុង មានទិសដៅស្របតាមគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ១៩៨៣។

ដូច្នេះ ភាពមិនច្បាស់លាស់នៃគោលនយោបាយអត្រាការប្រាក់នាពេលអនាគតរបស់ធនាគារ Fed នឹងជះឥទ្ធិពលលើគោលជំហររបស់អាជ្ញាធររូបិយវត្ថុនៃទីក្រុងហុងកុង ស្របពេលមានការកើនឡើងនៃអត្រាអតិផរណានៅសហរដ្ឋអាមេរិក និងគោលនយោបាយគាំពារនិយមរបស់ប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ។

ទីផ្សារអចលនទ្រព្យនៅទីក្រុងហុងកុងពឹងផ្អែកលើការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនៅឆ្នាំ២០២៥ ដើម្បីជំរុញតម្រូវការ។ ប៉ុន្តែ ក្តីសង្ឃឹមនេះបានថមថយចុះវិញ ដោយសារការផ្អាកការទម្លាក់អត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here