ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋសភារបស់ប្រទេសវៀតណាមបានសម្រេចអនុម័តលើការបង្កើនគោលដៅកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៥នេះ និងបានបោះឆ្នោតផ្តល់ការគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងរោងចក្រថាមពលនុយក្លេអ៊ែរដំបូងគេបំផុតរបស់ប្រទេសនេះ និងគម្រោងតភ្ជាប់ផ្លូវដែកទៅកាន់ប្រទេសចិន។
តបតាមការស្នើដោយរដ្ឋាភិបាល គោលដៅកំណើនសេដ្ឋកិច្ចរបស់វៀតណាមសម្រាប់ឆ្នាំ២០២៥ ត្រូវបានបង្កើនដល់អត្រា៨ភាគរយ បើធៀបនឹងគោលដៅពីមុនចន្លោះពី៦,៥ភាគរយទៅ៧ភាគរយ។
រដ្ឋាភិបាលវៀតណាមបានគូសបញ្ជាក់នៅក្នុងរបាយការណ៍ដាក់ជូនទៅកាន់សភាថា “ស្របពេលកំណើនសេដ្ឋកិច្ចមានល្បឿនកាន់តែលឿន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅតែត្រូវបានធានា ខណៈអតិផរណានៅតែស្ថិតក្រោមការគ្រប់គ្រងបាន”។
-->

របាយការណ៍នោះបន្ថែមថា អត្រាអតិផរណានៅក្នុងប្រទេសវៀតណាមនឹងស្ថិតក្នុងរង្វង់ចន្លោះពី៤,៥ភាគរយទៅ៥ភាគរយសម្រាប់ឆ្នាំ២០២៥នេះ។
រដ្ឋសភានៃប្រទេសវៀតណាមក៏បានអនុម័តលើសេចក្តីសម្រេចចិត្ត ក្នុងការគាំទ្រដល់ការស្ថាបនាគម្រោងផ្លូវរថភ្លើងថ្មីតភ្ជាប់រវាងកំពង់ផែសមុទ្រដ៏សំខាន់មួយស្ថិតនៅភាគខាងជើងនៃប្រទេសវៀតណាមជាមួយនឹងប្រទេសចិន។
គម្រោងផ្លូវដែកនេះត្រូវបានគេរំពឹងថា នឹងចំណាយទុនវិនិយោគចំនួន៨,៣ពាន់លានដុល្លារអាមេរិក ដែលទទួលបានមូលនិធិដោយប្រាក់កម្ចីពីរដ្ឋាភិបាលចិន។
ប្រទេសវៀតណាម ជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់ក្នុងតំបន់ ហើយសេដ្ឋកិច្ចវៀតណាមពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ។ បច្ចុប្បន្ន ប្រទេសនេះបាននិងកំពុងបង្កើនការបោះទុនវិនិយោគលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

លើសពីនេះ រដ្ឋសភាវៀតណាមបានអនុម័តគោលនយោបាយ ដើម្បីអភិវឌ្ឍន៍រោងចក្រថាមពលនុយក្លេអ៊ែរដំបូងគេក្នុងប្រទេសរបស់ខ្លួន ដែលគ្រោងនឹងសាងសង់នៅដំណាច់ចុងឆ្នាំ២០៣១។
រដ្ឋសភាវៀតណាមក៏បានអនុម័តច្បាប់អនុញ្ញាតឱ្យក្រុមហ៊ុនយក្ស Starlink របស់កំពូលមហាសេដ្ឋីសហរដ្ឋអាមេរិកលោក Elon Musk អាចផ្តល់សេវាកម្មអុីនធឺណេតតាមផ្កាយរណបនៅក្នុងប្រទេសវៀតណាមផងដែរ។
ទន្ទឹមនឹងនោះ ផែនការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់បណ្តាក្រុមហ៊ុនផលិតបន្ទះឈីបក្នុងស្រុក ក៏ត្រូវបានបោះឆ្នោតគាំទ្រដោយសមាជិកសភាវៀតណាមផងដែរ។
រដ្ឋសភាបានអនុម័តផែនការកំណែទម្រង់ការិយាធិបតេយ្យ ដែលនឹងកាត់បន្ថយចំនួនមួយភាគប្រាំនៃចំនួនស្ថាប័នរដ្ឋាភិបាល ក្នុងគោលបំណងកាត់បន្ថយការចំណាយថវិកាជាតិ និងបង្កើនប្រសិទ្ធភាពរដ្ឋបាល៕ប្រភព: Tuoi Tre News៕
