ប្រទេសឥណ្ឌូនេស៊ីព្យាយាមប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលទេសចរណ៍តាមផ្លូវសមុទ្រលំដាប់ពិភពលោក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលឥណ្ឌូនេសុីបានអះអាងថា ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានទំហំសេដ្ឋកិច្ចធំជាងគេបំផុតលេខ១នៅតំបន់អាស៊ាន នឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍តាមផ្លូវសមុទ្រលំដាប់ពិភពលោក ដោយឈរលើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រតិបត្តិករនាវាទេសចរណ៍អន្តរជាតិ។

លោកស្រី Ni Luh Puspa អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ឥណ្ឌូនេស៊ីបានមានប្រសាសន៍ឱ្យដឹងថា “រដ្ឋាភិបាលកំពុងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយដើម្បីគាំទ្រចក្ខុវិស័យនេះ ដោយកំពង់ផែ Benoa របស់កោះបាលីដើរតួនាទីយ៉ាងសំខាន់”។

ជាក់ស្តែង ការកែលម្អធ្វើឱ្យប្រសើរឡើងនាពេលថ្មីៗនេះបានធ្វើឱ្យកំពង់ផែ Benoa អាចផ្ទុកនាវាទេសចរណ៍ធំៗជាច្រើនក្នុងពេលដំណាលគ្នា។ ម៉្យាងវិញទៀត សមត្ថភាពរបស់កំពង់ផែទេសចរណ៍របស់កោះបាលីមួយនេះនៅតែបន្តត្រូវបានពង្រីកជាលំដាប់។

កាលពីឆ្នាំ២០២៤កន្លងទៅ កំពង់ផែ Benoa បានទទួលស្វាគមន៍កប៉ាល់ទេសចរណ៍ចំនួន៥៩គ្រឿង កើនឡើងពីចំនួន៤៨គ្រឿងនៅក្នុងឆ្នាំ២០២៣។

នៅឆ្នាំ២០២៥នេះវិញ កប៉ាល់ទេសចរណ៍ចំនួន៧៧គ្រឿងត្រូវបានគេរំពឹងទុកថា នឹងចូលចតនៅកំពង់ផែ Benoa។ វិស័យទេសចរណ៍តាមផ្លូវសមុទ្រ ជាពិសេសនៅកោះបាលី ត្រូវបានគេព្យាករណ៍ថា នឹងរួមចំណែកយ៉ាងសំខាន់ដល់កំណើនភ្ញៀវទេសចរណ៍របស់ប្រទេសឥណ្ឌូនេស៊ីទាំងមូល។

ប្រទេសឥណ្ឌូនេសុីបានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរណ៍បរទេសឱ្យបានចន្លោះពី១៤,៦លាននាក់ទៅ១៦លាននាក់ក្នុងឆ្នាំ២០២៥ ដោយមានកិច្ចសហការរវាងវិស័យពាក់ព័ន្ធនានាដើម្បីសម្រេចបាននូវគោលដៅនេះ៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here