ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលចិនបានប្តេជ្ញាថា នឹងផ្តល់សិទ្ធិឱ្យរដ្ឋបាលទីក្រុងនានាអាចសម្រេចចិត្តអំពីវិធីសាស្ត្រ ក្នុងការទិញផ្ទះលក់មិនដាច់ពីបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។ នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទីផ្សារអចលនទ្រព្យ។
រដ្ឋាភិបាលថ្នាក់ជាតិនឹងអនុញ្ញាតឱ្យមន្ត្រីមូលដ្ឋានមានសិទ្ធិក្នុងការកំណត់ស្តង់ដារផ្ទះ ដែលអាជ្ញាធរមូលដ្ឋានត្រូវជួយទិញពីបណ្តាអ្នកអភិវឌ្ឍន៍។នេះបើយោងតាមរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិនដាក់ជូនទៅកាន់សភាជាតិ។
លើសពីនេះ រដ្ឋបាលមូលដ្ឋានក៏នឹងទទួលបានស្វ័យភាពបន្ថែមទៀតក្នុងការសម្រេចចិត្តលើតម្លៃផ្ទះ ដែលរដ្ឋបាលមូលដ្ឋានទិញយកពីអ្នកអភិវឌ្ឍន៍ និងការប្រើប្រាស់អចលនទ្រព្យទាំងនោះនាពេលអនាគត។
-->
ប្រទេសចិនកំពុងព្យាយាមជួយសង្គ្រោះវិស័យអចលនទ្រព្យ ស្របពេលដែលតម្រូវការក្នុងស្រុកដាំក្បាលចុះ និងចំនួនយុវជនអត់ការងារធ្វើមានការកើនឡើង។ការលក់លំនៅដ្ឋានបន្ត (Resale Home) បានបង្ហាញសញ្ញាប្រសើរឡើង។

ប៉ុន្តែ ការលក់លំនៅដ្ឋានថ្មីនៅក្នុងប្រទេសចិនមិនទាន់ស្ទុះងើបឡើងវិញនៅឡើយ ដោយសារអ្នកទិញនៅតែបន្តមានការព្រួយបារម្ភថា អ្នកអភិវឌ្ឍន៍មិនអាចបញ្ចប់ការសាងសង់គម្រោងរបស់ពួកគេទាន់ពេលវេលាក្នុងកិច្ចសន្យា។
រដ្ឋាភិបាលចិនបានប្តេជ្ញាថា នឹងដោះស្រាយនូវតម្រូវការរបស់បណ្តាអតិថិជន ដែលត្រូវការផ្ទះពិតប្រាកដ ឬប្រជាជន ដែលស្វែងរកលក្ខខណ្ឌលំនៅដ្ឋានល្អប្រសើរជាងមុន ព្រមទាំងទប់ស្កាត់ការខកខានទូទាត់សងបំណុលដោយបណ្តាក្រុមហ៊ុនអចលនទ្រព្យ។
ជាក់ស្តែង នាពេលថ្មីៗនេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Vanke Co. បានទទួលការជួយអន្តរាគមន៍ពីរដ្ឋបាលនៃទីក្រុងសុិនជិន ដើម្បីដោះស្រាយវិបត្តិជាប់គាំងលំហូរសាច់ប្រាក់។
នៅមុនពេលមានកិច្ចអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន តម្លៃមូលបត្របំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យមួយនេះបានដាំក្បាលចុះយ៉ាងគំហុក និងបានព្រមានពីការខាតបង់ក្នុងទំហំទឹកប្រាក់ចំនួន៦,២ពាន់លានដុល្លារអាមេរិក។
ជាមួយគ្នានេះ ក្រុមហ៊ុន Country Garden Holdings ដែលធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំជាងគេបំផុតរបស់ប្រទេសចិន បានប្រកាសអំពីការដាំក្បាលចុះចំនួន៣៨ភាគរយនៃការលក់អចលនទ្រព្យរបស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០២៥ បើធៀបនឹងឆ្នាំមុន៕ប្រភព:Bloomberg៕
