ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (K-Research) បានឱ្យដឹងថា ការបិទរោងចក្រនៅក្នុងប្រទេសថៃអាចនឹងមានស្ថានភាពកាន់តែធ្ងន់ធ្ងរនៅឆ្នាំ២០២៥នេះ ដោយសារតែការធ្លាក់ចុះនៃវិស័យផលិតកម្ម និងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច។
មជ្ឈមណ្ឌល Kasikorn បន្តថា ការបិទរោងចក្រកាលពីឆ្នាំ២០២៤ មានចំនួនជាង១០០រោងចក្រក្នុងមួយខែ។ ក្នុងនោះ ការបិទសហគ្រាសធុនតូច និងមធ្យម (SMEs) មានចំនួនច្រើនជាងគេ ដោយសារតែការធ្លាក់ចុះនៃលំហូរមូលធន។
ជាមធ្យម បណ្តាក្រុមហ៊ុន ដែលបានបិទរោងចក្រនៅក្នុងប្រទេសថៃកាលពីឆ្នាំ២០២៤មានទំហំដើមទុនវិនិយោគតិចជាងរោងចក្រដែលបានបិទទ្វារនៅឆ្នាំ២០២៣ ចំនួន៣,៨ដង។
-->

គិតចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២២ គេបានសង្កេតឃើញមានការបិទរោងចក្រចំនួន៤.៨៥៥កន្លែង និងការបើករោងចក្រថ្មីចំនួន១.៨១៨កន្លែង។ តួលេខនេះបង្ហាញថា រោងចក្រប្រមាណ១២៧កន្លែងបានបិទទ្វារជាមធ្យមក្នុងមួយខែ។
ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ គេសង្កេតឃើញមានការបិទរោងចក្រចំនួន៤.៣០២កន្លែង និងការបើករោងចក្រថ្មីចំនួន៣.០៣៤កន្លែង។ តួលេខនេះបង្ហាញថា ជាមធ្យម មានរោងចក្រចំនួន៥៣កន្លែងបិទទ្វារក្នុងមួយខែ។
ស្ថាប័ន K-Research បានកត់សម្គាល់ថា រោងចក្រឧស្សាហកម្មគ្រឿងសង្ហារឹម គ្រឿងអេឡិចត្រូនិច កាត់ដេរ យានយន្ត និងដែកថែប បានបិទទ្វារច្រើនជាងគេ។

កត្តាសំខាន់ៗ ដែលនាំឱ្យរោងចក្រទាំងនោះសម្រេចចិត្ដបិទទ្វារ រួមមាន ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចថៃ និងតម្រូវការក្នុងស្រុក រួមទាំងបញ្ហារចនាសម្ព័ន្ធក្នុងវិស័យផលិតកម្ម ដែលធ្វើឱ្យសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក
បន្តធ្លាក់ចុះ។
ទន្ទឹមនឹងនោះ សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកជាមួយប្រទេសចិន និងការប្រកួតប្រជែងកាន់តែខ្លាំងឡើងទាំងក្នុងស្រុក និងទំនិញនាំចូលក៏បានជះផលប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសថៃផងដែរ៕ប្រភព: Bangkok Post៕
