ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាផ្នែកអចលនទ្រព្យ Knight Frank បានគូសបញ្ជាក់ឱ្យដឹងថា តម្លៃផ្ទះនៅក្នុងប្រទេសអូស្ត្រាលីបានកើនឡើងជាលំដាប់ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ដោយសារកត្តានានា ដូចជាកំណើនប្រជាជន និងការផ្គត់ផ្គង់នៅមានកម្រិត។
តួយ៉ាង តម្លៃផ្ទះជាមធ្យមនៅទីក្រុង Melbourne បានកើនឡើងពី៦៣៤.៩២១ដុល្លារអូស្ត្រាលី(ប្រហែល៤០០.៨២៥ដុល្លារអាមេរិក) ដល់ចំនួន១.២៦១.០៧០ដុល្លារអូស្ត្រាលី(ប្រហែល៧៩៦.១១៣ដុល្លារអាមេរិក)ក្នុងមួយយូនីត។
ជាមួយគ្នានេះ តម្លៃផ្ទះជាមធ្យមនៅទីក្រុង Brisbane បានកើនឡើងពី៤៥១.០០០ដុល្លារអូស្ត្រាលី(ប្រហែល២៨៤.៦៨២ដុល្លារអាមេរិក)ដល់ចំនួន៨៨៥.៥០០ដុល្លារអូស្ត្រាលី(ប្រហែល៥៥៩.០៦០ដុល្លារអាមេរិក)ក្នុងមួយយូនីត។
-->
លោក Adrian Yeoh អ្នកជំនាញនៅក្រុមហ៊ុន Knight Frank Property Hub បានអះអាងថា កម្រិតអត្រាការប្រាក់ទាបមុនឆ្នាំ២០២២ បានធ្វើឱ្យអតិថិជនងាយស្រួលក្នុងការខ្ចីប្រាក់ ដែលនាំឱ្យការទិញផ្ទះកើនឡើង។
ម្យ៉ាងវិញទៀត ចំនួនប្រជាជននៅក្នុងប្រទេសអូស្ត្រាលីបានកើនឡើង ដោយសារលំហូរជនបរទេស។ការណ៍នេះបានបង្កើនតម្រូវការទិញផ្ទះសម្រាប់ការស្នាក់នៅ និងការវិនិយោគ។
លើសពីនោះ ការកើនឡើងនៃតម្លៃសម្ភារៈសំណង់ ការផ្គត់ផ្គង់ចំនួនលំនៅដ្ឋានថ្មីនៅមានកម្រិត និងការពន្យារពេលក្នុងការបញ្ចប់ការសាងសង់គម្រោងអភិវឌ្ឍន៍ ក៏ជាមូលហេតុជំរុញឱ្យតម្លៃផ្ទះនៅប្រទេសអូស្ត្រាលីកើនឡើងផងដែរ។
ការវិនិយោគពីបរទេសជាកត្តាមួយផ្សេងទៀត ដែលជំរុញឱ្យតម្លៃផ្ទះកើនឡើង។ជាពិសេស អតិថិជនបរទេសតែងតែស្វែងរកទិញផ្ទះប្រណីតនៅក្នុងបណ្តាទីក្រុងធំៗរបស់ប្រទេសអូស្ត្រាលី។
ថ្មីៗនេះ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសហាមប្រាមមិនឱ្យជនបរទេសទិញផ្ទះដែលមានស្រាប់នៅក្នុងប្រទេសរបស់ខ្លួនសម្រាប់រយៈពេល២ឆ្នាំ ដោយគ្រោងចាប់ផ្តើមចូលជាធរមានចាប់ពីខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៧។
លោក Adrian Yeoh បានលើកឡើងថា “ការហាមប្រាមនេះនឹងធ្វើឱ្យតម្លៃផ្ទះនៅទីតាំងមួយចំនួនស្ថិតក្នុងសភាពទ្រឹង ឬអាចធ្លាក់ចុះបន្តិច ដោយសារការប្រកួតប្រជែងពីជនបរទេសនឹងថមថយចុះ”។ ទន្ទឹមនឹងនេះ តម្រូវការជួលផ្ទះអាចនឹងកើនឡើង។
លោក Adrian Yeoh បានបញ្ជាក់បន្ថែមថា“បុគ្គលជាច្រើនអាចជ្រើសរើសការជួលជាជាងការទិញ។នេះអាចក្លាយជាឱកាសដ៏ល្អសម្រាប់ម្ចាស់អចលនទ្រព្យក្នុងការជួលផ្ទះរបស់ពួកគេទៅឱ្យអតិថិជន”៕ប្រភព: The Edge Malaysia៕
