មន្ត្រី​ជាន់ខ្ពស់ចិន​: វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​កំពុង​បង្ហាញ​នូវការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Ni Hong រដ្ឋ​មន្ត្រី​ក្រសួង​លំនៅដ្ឋានចិនបានអះអាងថា វិស័យអចលនទ្រព្យរបស់ប្រទេសចិនកំពុងបង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមាន ស្របពេលទំនុកចិត្តនៅលើទីផ្សារមានសភាពល្អប្រសើរឡើង។

ប្រឈមមុខនឹងសម្ពាធពាណិជ្ជកម្មពីសហរដ្ឋអាមេរិក ក្រុមមន្ត្រីទទួលបន្ទុកបង្កើតគោលនយោបាយរបស់ប្រទេសចិនបាននិងកំពុងព្យាយាមជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនឱ្យសម្រេចបានអត្រាយ៉ាងតិច៥ភាគរយនៅឆ្នាំនេះ។

ការធ្វើអត្ថាធិប្បាយពីមន្ត្រីជាន់ខ្ពស់ចិនបានកើតឡើង បន្ទាប់ពីទីផ្សារអចលនទ្រព្យចិនបានជួបប្រទះការលំបាកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការវិនិយោគអចលនទ្រព្យបានធ្លាក់ចុះខ្លាំងបំផុតកាលពីឆ្នាំមុន។

ជាមួយគ្នានោះ ការលក់លំនៅដ្ឋាន និងការបើកការដ្ឋានគម្រោងសំណង់អចលនទ្រព្យថ្មីៗបានដាំក្បាលចុះយ៉ាងគំហុក។ ការណ៍នេះបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងទៅលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។

លោក Ni Hong បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំងថា“គិតចាប់តាំងពីខែមករា និងខែកុម្ភៈ ឆ្នាំ២០២៥មក ទីផ្សារអចលនទ្រព្យចិនបានរក្សានូវនិន្នាការវិជ្ជមាន និងត្រឡប់ទៅរកស្ថិរភាពវិញ”។

ដោយឡែក ក្រុមអ្នកវិភាគនៅធនាគារវិនិយោគខ្នាតយក្ស Nomura របស់ប្រទេសជប៉ុនបានបង្ហើបឱ្យដឹងនាពេលថ្មីៗនេះថា “ការលក់ផ្ទះ និងតម្លៃផ្ទះនៅតាមទីក្រុងធំៗរបស់ប្រទេសចិននៅដើមឆ្នាំ២០២៥នេះមានការកើនឡើងលើសពីការរំពឹងទុក”។

លើសពីនោះ ការបង្ហាញសញ្ញានៃស្ថិរភាពនៅក្នុងទីផ្សារអចលនទ្រព្យនាពេលនេះអាចជួយទប់ស្កាត់សេដ្ឋកិច្ចរបស់ប្រទេសចិនពីផលប៉ះពាល់នៃការប្រកាសដំឡើងពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកលើទំនិញចិន៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here