ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានរាយការណ៍ឱ្យដឹងថា តម្លៃជួលលំនៅដ្ឋាននៅក្នុងប្រទេសចិនបានដាំក្បាលចុះ ដោយសារការចាកចេញរបស់បណ្តាក្រុមហ៊ុនអន្តរជាតិ និងជនបរទេស។
តួយ៉ាង តម្លៃជួលផ្ទះល្វែងជាមធ្យមនៅតំបន់ពាណិជ្ជកម្មកណ្តាល(CBD)របស់ទីក្រុងប៉េកាំង បានដាំក្បាលចុះ១៧ភាគរយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ធៀបនឹងឆ្នាំមុន មកនៅត្រឹមតម្លៃចំនួន១១.៣៨៥យ័ន(ប្រហែល១.៧៥០ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។
ជាមួយគ្នានេះ កាលពីខែកុម្ភៈ តម្លៃជួលផ្ទះល្វែងជាមធ្យមនៅក្នុងតំបន់ Dawanglu និងតំបន់ Jianguomen Wai នៃទីក្រុងប៉េកាំង បានធ្លាក់ចុះក្នុងអត្រា៦ភាគរយដូចគ្នា។ នេះបើយោងតាមទិន្នន័យ ដែលចងក្រងឡើងដោយទីភ្នាក់ងារអចលនទ្រព្យ Beike របស់ក្រុមហ៊ុន KE Holdings។
-->

ចំណែក តម្លៃជួលផ្ទះល្វែងជាមធ្យមនៅក្នុងតំបន់ Lujiazui ស្ថិតនៅសង្កាត់ Pudong ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ល្បីល្បាញរបស់ទីក្រុងសៀងហៃបានធ្លាក់ចុះ៨ភាគរយ ខណៈតម្លៃជួលផ្ទះនៅក្បែរវិហារបុរាណ Jingan បានដាំក្បាលចុះ១៣ភាគរយកាលពីខែកុម្ភៈ។
លោក Lu Wenxi អ្នកវិភាគនៅក្រុមហ៊ុន Centaline Property បានអះអាងថា “ការធ្លាក់ចុះនៃតម្លៃជួលផ្ទះនៅតំបន់ទាំងនេះមិនមែនទើបតែកើតឡើងនាពេលថ្មីៗនេះទេ។ប៉ុន្តែ តម្លៃជួលបានធ្លាក់ចុះ គិតចាប់តាំងពីការបិទខ្ទប់ប្រទេសចិន ដោយសារជំងឺរាតត្បាតកាលពីប៉ុន្មានឆ្នាំមុន”។
លោក Lu បានអះអាងឱ្យដឹងបន្ថែមថា “ជាធម្មតា កាលពីមុន អាផាតមុិនសម្រាប់ជួល ដែលមានតម្លៃចន្លោះពី១២.០០០យ័នទៅ១៣.០០០យ័នក្នុងមួយខែ នឹងអាចស្វែងរកអ្នកជួលបានក្នុងរយៈពេលត្រឹមតែ៣ខែប៉ុណ្ណោះ”។
ប៉ុន្តែ អ្នកវិភាគនៅក្រុមហ៊ុន Centaline Property រូបនេះបានគូសបញ្ជាក់ថា “ក្នុងពេលបច្ចុប្បន្ន គេត្រូវចំណាយពេលយូរជាងនេះទម្រាំអាចស្វែងរកអតិថិជនបាន”៕ប្រភព: SCMP៕
