តម្លៃផ្ទះនៅក្នុងទីក្រុងតូក្យូរបស់ប្រទេសជប៉ុនកើនឡើង ស្របពេលការផ្គត់ផ្គង់ដាំក្បាលចុះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិថ្មីមួយបានរកឃើញថា តម្លៃផ្ទះថ្មីជាមធ្យមនៅតំបន់កណ្តាលទីក្រុងតូក្យូរបស់ប្រទេសជប៉ុនបានកើនឡើង២,៤ភាគរយនៅក្នុងខែកុម្ភៈឆ្នាំ២០២៥ ដល់ទំហំទឹកប្រាក់ចំនួន៧៨,៥៩លានយ៉េនក្នុងមួយយូនីត (ប្រហែល៥៣៤.០០០ដុល្លារ)។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុនប្រឹក្សាផ្នែកអចលនទ្រព្យ Tokyo Kantei ទៅលើផ្ទះទោលថ្មី(Detached house) ដែលស្ថិតលើទំហំផ្ទៃដីចន្លោះពី៥០ម៉ែត្រការ៉េទៅ១០០ម៉ែត្រការ៉េក្នុងសង្កាត់ចំនួន២៣ របស់ទីក្រុងតូក្យូ។

ជាមួយគ្នានេះ តម្លៃផ្ទះទោលថ្មីជាមធ្យមនៅទូទាំងទីក្រុងតូក្យូបានកើនឡើង១,៥ភាគរយនៅក្នុងខែកុម្ភៈបើធៀបនឹងខែមករា ដល់ទំហំទឹកប្រាក់ចំនួន៦៨,៦៥លានយ៉េនក្នុងមួយយូនីត(ប្រហែល៤៦៥.៩៧២ដុល្លារអាមេរិក)។

យោងតាមអ្នកជំនាញមួយរូបនៅក្រុមហ៊ុន Tokyo Kantei បានអះអាងថា “ខណៈតម្លៃខុនដូកើនឡើងខ្ពស់កប់ពពក គ្រួសារដែលមានជីវភាពធូរធារបានងាកមកជ្រើសរើសទិញផ្ទះទោលនៅក្នុងតំបន់ ដែលមានមធ្យោបាយធ្វើដំណើរងាយស្រួល”។

ស្របពេលមានការកើនឡើងនៃតម្លៃសម្ភារៈសំណង់ និងតម្លៃកម្លាំងពលកម្ម បណ្តាអ្នកអភិវឌ្ឍន៍លំនៅដ្ឋានរបស់ប្រទេសជប៉ុនកំពុងកាត់បន្ថយការផ្គត់ផ្គង់គម្រោងរបស់ខ្លួននៅតាមទីតាំងមួយចំនួន។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Nikkei Asia។

ការណ៍នេះបាននាំឱ្យការផ្គត់ផ្គង់ផ្ទះទោលថ្មីនៅទូទាំងទីក្រុងតូក្យូដាំក្បាលចុះ២៤ភាគរយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ បើប្រៀបធៀបនឹងឆ្នាំមុន។

តម្លៃផ្ទះជាមធ្យមនៅក្នុងខេត្ត Kanagawa នៅជាប់នឹងទីក្រុងតូក្យូមានទំហំទឹកប្រាក់ចំនួន៤៩,៥៤លានយ៉េនក្នុងមួយយូនីតកាលពីខែកុម្ភៈ ដោយកើនឡើង០,២ភាគរយ បើធៀបនឹងខែមករា។

ជាមួយគ្នានេះ តម្លៃផ្ទះជាមធ្យមនៅក្នុងខេត្ត Saitama កាលពីខែកុម្ភៈបានកើនឡើង០,៨ភាគរយដល់ទំហំទឹកប្រាក់ចំនួន៤៤,១៦លានយ៉េនក្នុងមួយយូនីត៕ប្រភព: Nikkei Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here