ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Korea Times បានចុះផ្សាយថា ក្រុមអ្នកជំនាញកំពុងជំរុញឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងដោះស្រាយចន្លោះប្រហោងមួយចំនួន ដែលបានធ្វើឱ្យជនបរទេសអាចគេចវេសផុតពីសំណាញ់ច្បាប់លំនៅដ្ឋានដ៏តឹងរ៉ឹង។
ច្បាប់លំនៅដ្ឋានមានគោលដៅ ដើម្បីទប់ស្កាត់ការហក់ឡើងខ្ពស់កប់ពពកនៃតម្លៃផ្ទះនៅក្នុងប្រទេសកូរ៉េខាងត្បូង និងទប់ស្កាត់ការទិញដីដើម្បីស្តុកទុកលក់យកប្រាក់ចំណេញនាពេលក្រោយ។
បញ្ហាចន្លោះប្រហោងនៃច្បាប់លំនៅដ្ឋានរបស់កូរ៉េខាងត្បូង រួមមានដូចជា ការកំណត់កម្រិតអតិបរមានៃអត្រាការប្រាក់លើកម្ចីទិញផ្ទះ និងការដាក់កាតព្វកិច្ចពន្ធលើការទិញផ្ទះច្រើន។
-->
នៅក្រោមបទប្បញ្ញត្តិទាំង២ខាងលើនេះ ប្រជាជនកូរ៉េខាងត្បូងត្រូវឆ្លងកាត់ការវាយតម្លៃយ៉ាងតឹងរ៉ឹង មុននឹងទទួលបានប្រាក់កម្ចី និងត្រូវប្រឈមមុខចំពោះការបង់ពន្ធខ្ពស់ទៅលើការទិញផ្ទះចំនួន២ខ្នងឡើងទៅ។
ទោះជាយ៉ាងណាក្តី បទប្បញ្ញត្តិនេះមិនត្រូវបានអនុវត្តន៍ចំពោះជនបរទេសនោះទេ ដោយជំរុញឱ្យមានការព្រួយបារម្ភថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងមិនអាចដោះស្រាយបញ្ហាទីផ្សារលំនៅដ្ឋានបានឡើយ។
លោក Kwon Dae-jung សាស្ត្រាចារ្យផ្នែកអចលនទ្រព្យនៅសកលវិទ្យាល័យ Sogang បានលើកឡើងថា “បញ្ហានេះចាំបាច់ត្រូវដោះស្រាយជាបន្ទាន់ ព្រោះជនបរទេសហ៊ានទិញផ្ទះក្នុងតម្លៃខ្ពស់ជាងប្រជាជនកូរ៉េខាងត្បូង និងនាំឱ្យមានការប្រកួតប្រជែងនៅក្នុងទីផ្សារលំនៅដ្ឋាន”។
ជាក់ស្តែង ជនជាតិអ៊ូសបេគីស្ថានម្នាក់ បានទិញអាផាតមុិនទំហំ២៤៤ម៉ែត្រការ៉េនៅតំបន់ Banpo ស្ថិតនៅភាគខាងត្បូងនៃទីក្រុងសេអ៊ូលក្នុងទំហំទឹកប្រាក់ខ្ពស់កប់ពពកចំនួន៧,៤ពាន់លានវ៉ុន (ប្រហែល៥,០៩លានដុល្លារអាមេរិក)។
ជាមួយគ្នានេះ ជនជាតិម៉ាឡេស៊ីម្នាក់បានទិញអាផាតមុិនទំហំ២៦៨ម៉ែត្រការ៉េ ក្នុងទំហំទឹកប្រាក់ចំនួន១៨ពាន់លានវ៉ុន(ប្រហែល១២,៣៥លានដុល្លារអាមេរិក) នៅតំបន់ Hannam-dong នៃសង្កាត់ Yongsan ស្ថិតក្នុងរដ្ឋធានីសេអ៊ូល។
លោកសាស្ត្រាចារ្យ Kwon Dae-jung បានវាយតម្លៃថា “ការទិញផ្ទះក្នុងតម្លៃខ្ពស់កប់ពពកដោយជនបរទេស បណ្តាលមកពីកង្វះនៃគោលនយោបាយលំនៅដ្ឋាន។ ជនបរទេសបានខ្ចីប្រាក់ពីប្រទេសកំណើតរបស់ខ្លួន ដោយសារការខ្ចីប្រាក់ពីធនាគារក្នុងប្រទេសកូរ៉េខាងត្បូងមានដំណើរការស្មុគស្មាញ និងទាមទារឯកសារច្រើន”៕ប្រភព: Korea Times៕
