ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យឧស្សាហកម្មនៅក្នុងទីក្រុងហ្សាការតារបស់ប្រទេសឥណ្ឌូនេសុីត្រូវបានគេរំពឹងថា នឹងស្រូបទាញបានលំហូរនៃការផ្គត់ផ្គង់ថ្មីជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានបង្ហាញថា “ទំហំផ្ទៃក្រឡាអចលនទ្រព្យឧស្សាហកម្មថ្មីចំនួន០,៨លានម៉ែត្រការ៉េនឹងត្រូវបានចាក់បញ្ចូលទៅក្នុងទីក្រុងហ្សាការតានាឆ្នាំ២០២៧ខាងមុខ”។
របាយការណ៍បានបន្តថា“តម្រូវការទីតាំងអចលនទ្រព្យឧស្សាកម្មដូចជា ឃ្លាំង និងរោងចក្រនឹងកើនឡើង ដោយសារតែបណ្តាក្រុមហ៊ុនឧស្សាហកម្មក្នុងស្រុក និងអន្តរជាតិជាច្រើនបានបង្ហាញចំណាប់អារម្មណ៍ចំពោះការវិនិយោគនៅឥណ្ឌូនេសុី”។
-->

ម៉្យាងវិញទៀត ក្រុមហ៊ុន JLL បានព្យាករណ៍ថា “ការកើនឡើងនៃតម្រូវការ គួបផ្សំនឹងកំណើននៃការផលិត និងកំណើនសេដ្ឋកិច្ចរួមរបស់ប្រទេសឥណ្ឌូនេស៊ី នឹងជំរុញសក្ដានុពលទីផ្សារក្នុងរយៈពេលប៉ុន្មានខែខាងមុខ”។
កាលពីឆមាសទី២ ឆ្នាំមុន ការជួលទីតាំងអចលនទ្រព្យឧស្សាហកម្មនៅក្នុងទីក្រុងហ្សាការតាមានទំហំផ្ទៃក្រឡាសរុបចំនួន៩៥.០០០ម៉ែត្រការ៉េ ខណៈបណ្តាអ្នកអភិវឌ្ឍន៍បានកែលម្អធ្វើឱ្យប្រសើរឡើងនូវសម្ភារៈបរិក្ខារផ្សេងៗនៅក្នុងគម្រោងដែលមានស្រាប់របស់ខ្លួនដើម្បីទាក់ទាញអ្នកជួល។
វិស័យភស្តុភារនៅតែបន្តទាក់ទាញលំហូរអ្នកវិនិយោគថ្មីៗ ខណៈពួកគេបានបង្ហាញនូវចំណាប់អារម្មណ៍លើភាពជាដៃគូយុទ្ធសាស្ត្រ ដូចជា ការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា និងការពង្រីកផលបត្រដែលមានស្រាប់។ ការណ៍នេះបានចូលរួមចំណែកដល់ការអភិវឌ្ឍន៍នៃទីផ្សារអចលនទ្រព្យឧស្សាហកម្ម។
លើសពីនេះ តម្លៃជួលនៅតែបន្តកើនឡើង ជាពិសេសគម្រោង ដែលមានគុណភាពខ្ពស់ និងមានមធ្យោបាយដឹកជញ្ជូនចេញ-ចូលងាយស្រួល ស្របពេលការផ្គត់ផ្គង់នៅតំបន់មួយចំនួននៅមានកម្រិតនៅឡើយ៕ប្រភព: Real Estate Asia៕
