ឥណ្ឌូនេសុីតែងតាំងបុគ្គលមានឥទ្ធិពលល្បីល្បាញ៣រូបជាទីប្រឹក្សាយុទ្ធសាស្ត្ររបស់មូលនិធិតម្លៃ៩០០ពាន់លានដុល្លារ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Reuters បានចុះផ្សាយថា រដ្ឋាភិបាលឥណ្ឌូនេសុីបានសម្រេចជ្រើសរើសបុគ្គលដ៏ល្បីឈ្មោះចំនួន៣រូបក្នុងគោលបំណងដើម្បីជួយរៀបចំយុទ្ធសាស្ត្ររបស់មូលនិធិ ដែលទើបនឹងបង្កើតថ្មីឈ្មោះ “Danantara”។

បុគ្គលទាំង៣រូបនោះ រួមមានលោកមហាសេដ្ឋីអាមេរិក Ray Dalio ប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុនយក្ស Bridgewater Associates លោកសេដ្ឋវិទូ Jeffrey Sachs និងលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃដ៏មានឥទ្ធិពល។

ការបង្កើតមូលនិធិ Danantara នេះឡើងជាយុទ្ធសាស្ត្រដ៏សំខាន់របស់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto ដើម្បីសម្រេចបាននូវមហិច្ឆិតានៃគោលដៅកំណើនសេដ្ឋកិច្ចចំនួន៨ភាគរយនៅឆ្នាំ២០២៩។

មូលនិធិនេះគ្រប់គ្រងភាគហ៊ុនទាំងអស់របស់បណ្តាសហគ្រាសរដ្ឋ ដែលនឹងអាចគ្រប់គ្រងទ្រព្យសកម្មជាង៩០០ពាន់លានដុល្លារអាមេរិក។ ឥណ្ឌូនេសុីបានបង្កើតមូលនិធិ Danantara ដោយយកលំនាំតាមក្រុមហ៊ុនវិនិយោគ Temasek របស់រដ្ឋាភិបាលសិង្ហបុរី។

អតីតប្រធានាធិបតីឥណ្ឌូណេស៊ីចំនួន២រូប រួមមានលោក Joko Widodo និងលោក Susilo Bambang Yudhoyono ត្រូវបានតែងតាំងជាសមាជិកគណៈកម្មាធិការដឹកនាំមូលនិធិ ខណៈលោក Ray Dalio លោកសេដ្ឋវិទូ Jeffrey Sachs និងលោក ថាក់សុីន នឹងទទួលតួនាទីជាទីប្រឹក្សា។

នៅក្នុងដំណាក់កាលដំបូង មូលនិធិ Danantara គ្រោងនឹងបោះទុនវិនិយោគចំនួន២០ពាន់លានដុល្លារអាមេរិក ដោយកំណត់គោលដៅលើគម្រោងកែច្នៃធនធានធម្មជាតិ ការអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ថាមពល និងសន្តិសុខស្បៀង៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here