តម្រូវការលំនៅដ្ឋាននៅក្នុងទីក្រុងធំៗចំនួន៩របស់ឥណ្ឌាដាំក្បាលចុះ ខណៈអ្នកទិញប្រកាន់ជំហរប្រុងប្រយ័ត្ន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់ផ្ទះនៅទូទាំងទីក្រុងធំៗទាំង៩របស់ប្រទេសឥណ្ឌាបានដាំក្បាលចុះចំនួន២៣ភាគរយនៅចន្លោះខែមករារហូតដល់ខែមីនា ឆ្នាំ២០២៥ ដោយសារតែផ្ទះមានតម្លៃខ្ពស់ពេក ដែលធ្វើឱ្យអ្នកទិញមានការប្រុងប្រយ័ត្ន។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនវិភាគទិន្នន័យអចលនទ្រព្យ PropEquity បានឱ្យដឹងថា បណ្តាអ្នកអភិវឌ្ឍន៍លក់ផ្ទះបានចំនួនត្រឹមតែ១០៥.៧៩១យូនីតក្នុងរយៈពេល៣ខែដំបូងកន្លងមកនេះ។

ការធ្លាក់ចុះនៃតម្រូវការបាននាំឱ្យចំនួនគម្រោងលំនៅដ្ឋានបើកដំណើរការលក់នៅទូទាំងទីក្រុងធំៗទាំង៩ របស់ប្រទេសឥណ្ឌា ដាំក្បាលចុះ៣៤ភាគរយ។

-->

បណ្តាទីក្រុងធំៗទាំង៩នោះ រួមមាន ដូចជាតំបន់រដ្ឋធានីញូវដេលី ទីក្រុង Bengaluru ទីក្រុង Hyderabad ទីក្រុងបុមបៃ(Mumbai) ទីក្រុង Navi Mumbai ទីក្រុង Pune ទីក្រុង Chennai ទីក្រុង Thane និងទីក្រុង Kolkata។

លោក Samir Jasuja ស្ថាបនិកក្រុមហ៊ុន PropEquity បានមានប្រសាសន៍ឱ្យដឹងថា “ក្រៅពីតម្លៃផ្ទះខ្ពស់កប់ពពក និងសេដ្ឋកិច្ចធ្លាក់ចុះ បណ្តាអ្នកវិនិយោគជាច្រើនបានរក្សាការប្រុងប្រយ័ត្ន ដោយសារការព្រួយបារម្ភជុំវិញសង្រ្គាមពាណិជ្ជកម្មនៅលើពិភពលោក”។

ម្យ៉ាងវិញទៀត ការផ្គត់ផ្គង់លំនៅដ្ឋាននៅទូទាំងទីក្រុងទាំង៩ ខាងលើបានធ្លាក់ចុះមកនៅត្រឹមចំនួន៨០.៧៧៤យូនីតក្នុងត្រីមាសទី១ ឆ្នាំ២០២៥ បើធៀបនឹងការផ្គត់ផ្គង់លំនៅដ្ឋានចំនួន១២២.៣៦៥យូនីតក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ផ្ទុយទៅវិញ ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ឥណ្ឌាបានបង្ហាញសញ្ញាវិជ្ជមាន បន្ទាប់ពីបណ្តាក្រុមហ៊ុននានាបានជួលការិយាល័យទំហំ៧៧,២លានហ្វីតការ៉េ(ប្រហែល៧.១៧២.១១៥ម៉ែត្រការ៉េ)នៅទូទាំងទីក្រុងធំៗចំនួន៧របស់ឥណ្ឌាកាលពីឆ្នាំមុន។

កាលពីសប្តាហ៍មុន ក្រុមហ៊ុនអចលនទ្រព្យរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា ខ្លួនគ្រោងសាងសង់អគារពាណិជ្ជកម្មដំបូងរបស់ខ្លួននៅក្នុងទីក្រុង Pune ភាគខាងលិចនៃប្រទេសឥណ្ឌា៕ប្រភព: Bloomberg៕