ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Yonhap បានរាយការណ៍ថា តម្លៃផ្ទះនៅក្នុងទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូងកាលពីខែកុម្ភៈបានកើនឡើងក្នុងអត្រាខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៣ខែកន្លងមក។
តម្លៃផ្ទះនៅក្នុងរដ្ឋធានីមួយនេះបានកើនឡើង០,១៨ភាគរយក្នុងខែកុម្ភៈ បើធៀបនឹងខែមករា។តួលេខនេះជាអត្រាកំណើនប្រចាំខែខ្ពស់បំផុតគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីក្រុមប្រឹក្សាភិបាលអចលនទ្រព្យកូរ៉េ (REB)។
ដើម្បីជំរុញសន្ទុះនៃការលក់លំនៅដ្ឋាន រដ្ឋបាលទីក្រុងសេអ៊ូលបានសម្រេចដកហូតសង្កាត់ Gangnam សង្កាត់ Seocho និងសង្កាត់ Songpa របស់រដ្ឋធានីសេអ៊ូលចេញពីប្រព័ន្ធអនុញ្ញាតប្រតិបត្តិការដីធ្លី(LTP)នៅថ្ងៃទី១២ ខែកុម្ភៈ។ ប៉ុន្តែ នៅថ្ងៃទី២៤ ខែមីនា សង្កាត់ទាំង៣នេះត្រូវបានដាក់បញ្ចូលក្នុងប្រព័ន្ធ LPT វិញ។
-->

បន្ទាប់ពីត្រូវបានលុបឈ្មោះចេញពីប្រព័ន្ធ LPT នេះបានជាង១ខែ តម្លៃផ្ទះនៅសង្កាត់ Songpa បានកើនឡើង០,៩៤ភាគរយ ខណៈតម្លៃផ្ទះនៅសង្កាត់ Seocho បានកើនឡើង០,៧៤ភាគរយ។ រីឯ តម្លៃផ្ទះនៅសង្កាត់ Gangnam បានកើនឡើង០,៦៨ភាគរយនៅក្នុងខែកុម្ភៈ។
នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ តម្លៃលក់ជាមធ្យមសម្រាប់អាផាតមុិនទំហំ៨៤ម៉ែត្រការ៉េនៅសង្កាត់ទាំង៣នេះបានកើនឡើងដល់ទំហំទឹកប្រាក់លើសពី២ពាន់លានវ៉ុន(ប្រហែល១,៣៦លានដុល្លារអាមេរិក)។
បណ្តាធនាគារក្នុងស្រុកបានផ្តល់ប្រាក់កម្ចីប្រមាណ៧៨៧,៣៤ពាន់លានដុល្លារអាមេរិក គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២៥ កើនឡើង២,២៥ពាន់លានដុល្លារបើធៀបនឹងខែមករា។តួលេខនេះជាការកើនឡើងជាលើកដំបូងក្នុងរយៈពេល៣ខែ។
ប្រព័ន្ធអនុញ្ញាតប្រតិបត្តិការដីធ្លី(LTP) ជាប្រព័ន្ធ ដែលតម្រូវឱ្យអ្នកអភិវឌ្ឍន៍ ឬអ្នកវិនិយោគត្រូវស្នើសុំការយល់ព្រមពីសាលាក្រុងសេអ៊ូល មុននឹងអាចទិញដីធ្លី។ប្រព័ន្ធនេះត្រូវបានបង្កើតឡើងក្នុងគោលដៅទប់ស្កាត់ការទិញដីស្តុកទុកសម្រាប់លក់យកប្រាក់ចំណេញ៕ប្រភព: Yonhap៕
