ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ ដោយសារការធ្លាក់ថ្លៃចុះនៃប្រាក់ដុល្លារអាមេរិក និងភាពមិនច្បាស់លាស់នៃទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដែលបង្កឡើងដោយសង្គ្រាមពាណិជ្ជកម្ម និងនាំឱ្យមានការព្រួយបារម្ភអំពីលទ្ធភាពកើតមានវិបត្តិសេដ្ឋកិច្ច។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤៣ភាគរយដល់២៩៩៥,៤៥ដុល្លារក្នុងមួយអោន បន្ទាប់ពីបានធ្លាក់ចុះមកនៅត្រឹម២៩៨២,៥៤ដុល្លារក្នុងមួយអោនកាលពីថ្ងៃច័ន្ទ។ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានកើនឡើង១,២៨ភាគរយដល់៣០១១,៨០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៤នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦៥,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។