ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានរាយការណ៍ថា ប្រទេសម៉ាឡេស៊ីកំពុងសាងសង់កំពង់ផែស្ងួតដ៏ធំមួយក្នុងរដ្ឋ Perlis ស្ថិតនៅភាគខាងជើងនៃប្រទេសរបស់ខ្លួន ដែលមានសក្តានុពលក្នុងការផ្លាស់ប្តូរទិដ្ឋភាពពាណិជ្ជកម្មពិភពលោក។
កំពង់ផែស្ងួត Perlis នឹងក្លាយជាគន្លឹះនៃការតភ្ជាប់ផ្លូវដែកថ្មីរវាងតំបន់អឺរ៉ុប និងតំបន់អាស៊ី ដោយអាចផ្តល់ឱ្យបណ្តាក្រុមហ៊ុននាំចេញនូវជម្រើសផ្លូវវាងដ៏សំខាន់មួយ ដោយពុំចាំបាច់ឆ្លងកាត់ផ្លូវទឹក ដែលរងផលប៉ះពាល់ពីសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមនៅតំបន់ហ្គាហ្សា។
គម្រោងកំពង់ផែស្ងួតនេះ មានដើមទុនវិនិយោគប្រមាណ១១១លានដុល្លារអាមេរិក ក្នុងគោលបំណងប្រែក្លាយរដ្ឋ Perlis ទៅជាចំណុចសំខាន់មួយនៅក្នុងបណ្តាញផ្លូវដែកតភ្ជាប់រវាងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប អាស៊ាន និងប្រទេសចិន។
ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ប្រទេសម៉ាឡេស៊ីបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអភិវឌ្ឍន៍បណ្តាញផ្លូវដែក Pan-Asian។ គម្រោងនេះជាចក្ខុវិស័យរយៈពេលវែងក្នុងការតភ្ជាប់ប្រទេសសិង្ហបុរីទៅកាន់ទីក្រុងគុនមីងនៃប្រទេសចិន។
គម្រោងបណ្តាញផ្លូវដែក Pan-Asian នេះរត់ចេញពីប្រទេសសិង្ហបុរីឆ្លងកាត់ម៉ាឡេស៊ី ថៃ និងឡាវ មុននឹងឈានទៅដល់ប្រទេសចិន។ ផ្លូវដែកនេះនឹងបែកចេញជាខ្នែងឆ្ពោះទៅទិសខាងកើតទៅកាន់ប្រទេសវៀតណាម និងកម្ពុជា ហើយឆ្ពោះទៅទិសខាងលិចទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងឥណ្ឌា។
ចំពោះបណ្តាប្រទេសនានានៅក្នុងតំបន់អាសុី ដែលពឹងផ្អែកទៅលើការនាំចេញទំនិញទៅក្រៅប្រទេស បណ្តាញផ្លូវដែកជាមធ្យោបាយដឹកជញ្ជូនដ៏លឿន និងគួរឱ្យទុកចិត្តជាងផ្លូវទឹក៕ប្រភព: SCMP៕