ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលីបានប្រកាសបោះទុនវិនិយោគចំនួន១០ពាន់លានដុល្លារអូស្ត្រាលី (ប្រមាណ៦,៣ពាន់លានដុល្លារអាមេរិក) ក្នុងទម្រង់ជាជំនួយឥតសំណង និងប្រាក់កម្ចីដើម្បីជួយដល់អ្នកទិញផ្ទះលើកដំបូង។
ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលីបានប្រកាសបោះទុនវិនិយោគចំនួន១០ពាន់លានដុល្លារអូស្ត្រាលី (ប្រមាណ៦,៣ពាន់លានដុល្លារអាមេរិក) ក្នុងទម្រង់ជាជំនួយឥតសំណង និងប្រាក់កម្ចីដើម្បីជួយដល់អ្នកទិញផ្ទះលើកដំបូង។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានប្តេជ្ញាសាងសង់ផ្ទះថ្មីឱ្យបានចំនួន១,២លានយូនីតនៅត្រឹមឆ្នាំ២០៣០ខាងមុខ ដើម្បីបន្ធូរបន្ថយសម្ពាធនៃការចំណាយនៅក្នុងប្រទេសអូស្ត្រាលី។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei Asia។
ចំណាត់ការនេះធ្វើឡើង ខណៈពលរដ្ឋអូស្ត្រាលីជាច្រើនបានបង្ហាញការមិនពេញចិត្តចំពោះការខ្វះខាតលំនៅដ្ឋានដែលមានតម្លៃសមរម្យនៅលើទីផ្សារ។ដូច្នេះ ការបោះទុនវិនិយោគដោយរដ្ឋាភិបាលអូស្ត្រាលីក្នុងទម្រង់ជាជំនួយឥតសំណង និងប្រាក់កម្ចីនឹងជួយបង្កើនលទ្ធភាពហិរញ្ញវត្ថុដល់អ្នកទិញផ្ទះ។
លទ្ធភាពទិញផ្ទះបានក្លាយជាបញ្ហាសំខាន់ ខណៈការបោះឆ្នោតសកលនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ នឹងចូលមកដល់នាពេលខាងមុខ។
ប្រសិនបើទទួលបានជ័យជំនះម្តងទៀត រដ្ឋាភិបាលដឹកដោយគណបក្ស Labor របស់លោកនាយករដ្ឋមន្ត្រី Anthony Albanese ប្តេជ្ញាអនុញ្ញាតឱ្យពលរដ្ឋអូស្ត្រាលីអាចទិញផ្ទះ ដោយទូទាត់ប្រាក់កក់ត្រឹមតែ៥ភាគរយប៉ុណ្ណោះនៃតម្លៃផ្ទះសរុប។
តម្លៃផ្ទះនៅក្នុងប្រទេសអូស្ត្រាលីបានហក់ឡើងថ្លៃខ្ពស់កប់ពពកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែតម្រូវការលំនៅដ្ឋានមានកម្រិតខ្ពស់។ប៉ុន្តែ ការផ្គត់ផ្គង់មានកម្រិតទាប។
ប្រទេសអូស្ត្រាលីបានប្រកាសហាមឃាត់មិនឱ្យអ្នកវិនិយោគបរទេសទិញផ្ទះដែលមានស្រាប់នៅក្នុងប្រទេសរបស់ខ្លួនរយៈពេល២ឆ្នាំចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំនេះ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៧។នេះជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីជំរុញការផ្គត់ផ្គង់លំនៅដ្ឋានថ្មី៕ប្រភព: Nikkei Asia៕