ដោយ: គង់ លាងហួរ
អន្តរជាតិ: ចំនួននាវាឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដែលជាផ្លូវទឹកមានចរាចរណ៍មមាញឹកបំផុតលំដាប់ទី២ នៅលើពិភពលោកបានធ្លាក់ចុះមកនៅត្រឹមចំនួន១.០៤៥គ្រឿងក្នុងខែមីនា ឬមានន័យថា ចំនួននាវាឆ្លងកាត់ព្រែកជីកប៉ាណាម៉ាមានជាមធ្យម៣៤គ្រឿងក្នុងមួយថ្ងៃ។
កាលពីខែកុម្ភៈ ចំនួននាវាឆ្លងកាត់ព្រែកជីកប៉ាណាម៉ាមានជាមធ្យម៣៥គ្រឿងនៅក្នុងមួយថ្ងៃ កើនឡើងពីចំនួននាវា៣៣គ្រឿងក្នុងមួយថ្ងៃ ដែលបានឆ្លងកាត់ព្រែកជីកប៉ាណាម៉ាកាលពីខែមករា។
ប៉ុន្តែ ទោះជាយ៉ាងណា តួលេខនេះនៅតែមានកម្រិតទាបជាងចំនួនអតិបរមានៃនាវា ដែលអាជ្ញាធរទទួលបន្ទុកគ្រប់គ្រងព្រែកជីកប៉ាណាម៉ាបានសម្រេចកំណត់ឱ្យឆ្លងកាត់។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
-->

ជាក់ស្តែង អាជ្ញាធរបានកំណត់ចំនួនអតិបរមានៃនាវាឆ្លងកាត់ព្រែកជីកប៉ាណាម៉ាក្នុងមួយថ្ងៃត្រឹម៣៦គ្រឿង គិតចាប់តាំងពីត្រីមាសទី៣ ឆ្នាំ២០២៤ បន្ទាប់ពីអាជ្ញាធរបានលុបចោលការរឹតបន្តឹងចំនួននាវាឆ្លងកាត់ ដោយសារគ្រោះរាំងស្ងួត។
វិបត្តិគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅចន្លោះចុងឆ្នាំ២០២៣ដល់ដើមឆ្នាំ២០២៤ បានបង្ខំឱ្យព្រែកជីកប៉ាណាម៉ា ដែលតភ្ជាប់រវាងមហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រប៉ាស៊ីហ្វិក ដាក់ការរឹតបន្តឹងលើនាវាឆ្លងកាត់ ដោយជំរុញឱ្យមានការរង់ចាំយូរ និងធ្វើឱ្យថ្លៃដឹកជញ្ជូនកើនឡើង។
ការយកថ្លៃសេវាពីនាវាត្រូវបានពិនិត្យឃ្លាំមើលយ៉ាងដិតដល់ ចាប់តាំងពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចោទប្រកាន់ថា ព្រែកជីកប៉ាណាម៉ាបានទាមទារថ្លៃសេវាខ្ពស់ហួសហេតុពីនាវាពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះដើម្បីនាំចេញទំនិញទៅក្រៅប្រទេស។
លើសពីនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានថា សហរដ្ឋអាមេរិកអាចនឹងយកព្រែកជីកនេះមកគ្រប់គ្រងវិញ ប្រសិនបើក្រុមហ៊ុនចិន ឬក្រុមហ៊ុនហុងកុងដែលគ្រប់គ្រងកំពង់ផែនៅអមសងខាងក្បែរនោះបង្កការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក៕ប្រភព: Reuters៕
