ដោយ: គង់់ លាងហួរ
អន្តរជាតិ: សង្គ្រាមពាណិជ្ជកម្មទ្រង់ទ្រាយធំ រវាងប្រទេសចិនជាមួយសហរដ្ឋអាមេរិក កំពុងកើនឡើងកំដៅ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមយកពន្ធគយខ្ពស់កប់ពពកលើការនាំចូលទំនិញចិនទៅកាន់ទឹកដីអាមេរិក។
ទីក្រុងប៉េកាំងបានប្តេជ្ញាប្រយុទ្ធដល់ទីបញ្ចប់ ដោយមិនព្រមទទួលយកនូវអ្វីដែលចិនចាត់ទុកថា ជាការបង្ខិតបង្ខំរបស់សហរដ្ឋអាមេរិក។ ជាក់ស្តែង ចិនបានដាក់ពន្ធសងសឹក លើទំនិញរបស់សហរដ្ឋអាមេរិកដើម្បីជាការឆ្លើយតប។
-->

តើសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចទាំង២ នឹងបង្កផលប៉ះពាល់កម្រិតណាលើសេដ្ឋកិច្ចពិភពលោក?
ទំហំដោះដូរពាណិជ្ជកម្មទ្វេរភាគី រវាងសហរដ្ឋអាមេរិក និងចិន ដែលជាមហាអំណាចសេដ្ឋកិច្ចនៅលើពិភពលោក បានកើនឡើងដល់ទំហំទឹកប្រាក់ ប្រមាណ៥៨៥ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០២៤។
ក្នុងនោះ សហរដ្ឋអាមេរិកបាននាំចូល ទំនិញពីប្រទេសចិនក្នុងទំហំទឹកប្រាក់៤៤០ពាន់លានដុល្លារ ខណៈប្រទេសចិនបាននាំចូលទំនិញពីសហរដ្ឋអាមេរិកវិញ ក្នុងទំហំទឹកប្រាក់ត្រឹមតែ១៤៥ពាន់លានដុល្លារប៉ុណ្ណោះ។ នេះមានន័យថា សហរដ្ឋអាមេរិកមានឱនភាពពាណិជ្ជកម្មជាមួយចិនចំនួន២៩៥ពាន់លានដុល្លារ។
សហរដ្ឋអាមេរិក និងប្រទេសចិន គ្របដណ្តប់ចំណែកប្រមាណ៤៣ភាគរយនៃ ទំហំសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៥។ នេះបើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)។
សង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក នឹងធ្វើឱ្យអត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំង២ ធ្លាក់ចុះ ឬអាចឈានទៅរកវិបត្តិសេដ្ឋកិច្ច។ ការណ៍នេះនឹងជះផលប៉ះពាល់ ដល់សេដ្ឋកិច្ចរបស់បណ្តាប្រទេសផ្សេងទៀតនៅទូទាំងពិភពលោក។
ជាមួយគ្នានេះ លំហូរនៃការវិនិយោគសកលនឹងដាំក្បាលចុះ និងមានផលវិបាកជាច្រើនផ្សេងទៀត ដែលអាចកើតមាន។
ប្រទេសចិនជាមជ្ឈមណ្ឌលផលិតកម្ម ដ៏ធំបំផុតរបស់ពិភពលោក ហើយប្រទេសចិនបាន និងកំពុងផលិតទំនិញលើសពីតម្រូវការ ប្រើប្រាស់ក្នុងស្រុករបស់ប្រជាជនចិន។
ប្រទេសចិនកំពុងជួបប្រទះបញ្ហាអតិរេក ទំនិញក្នុងទំហំទឹកប្រាក់ជិត១ទ្រីលានដុល្លារអាមេរិករួចទៅហើយ។ នេះមានន័យថា ប្រទេសចិនកំពុងនាំចេញទំនិញ ទៅកាន់ពិភពលោកច្រើនជាងការនាំចូល។
ទំនិញរបស់ចិនត្រូវបានលក់ក្នុងតម្លៃថោក ដោយសារតែរដ្ឋាភិបាលចិនបានផ្តល់ការឧបត្ថម្ភធន ដល់បណ្តាក្រុមហ៊ុនផលិតកម្មក្នុងស្រុក និងជំនួយហិរញ្ញវត្ថុរបស់រដ្ឋ ដូចជាការផ្តល់ប្រាក់កម្ចីមានអត្រាការប្រាក់ទាប។
ក្រុមអ្នកជំនាញបានព្រមានថា ប្រសិនបើផលិតផលចិនមិនអាចនាំចូលទៅកាន់សហរដ្ឋអាមេរិកបាន នោះបណ្តាក្រុមហ៊ុនចិនអាចនឹងបង្វែរទិសដៅ នៃការនាំចេញផលិតផលតម្លៃទាបរបស់ខ្លួន ទៅកាន់ទីផ្សារផ្សេងទៀតជុំវិញពិភពលោក។
ការណ៍នេះអាចផ្តល់ផលប្រយោជន៍ សម្រាប់អ្នកប្រើប្រាស់មួយចំនួន។ ប៉ុន្តែវាអាចកាត់បន្ថយសមត្ថភាព ប្រកួតប្រជែងរបស់បណ្តាក្រុមហ៊ុនផលិតកម្មនៅក្នុងប្រទេស ដែលស្រូបទាញលំហូរទំនិញថោកៗមកពីប្រទេសចិន។ កត្តានេះអាចគំរាមកំហែងទីផ្សារការងារ និងប្រាក់ឈ្នួលផងដែរ។
ជារួម ផលប៉ះពាល់ពីការផ្ទុះឡើង នៃសង្គ្រាមពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិក នឹងរាលដាលនៅទូទាំងពិភពលោក ហើយក្រុមសេដ្ឋវិទូភាគច្រើនបានវាយតម្លៃថា ផលប៉ះពាល់នេះនឹងមានភាពអវិជ្ជមានខ្លាំងបំផុត៕ប្រភព: BBC៕
