ក្តីស្រមៃជិតក្លាយជាការពិត ខណៈក្រុមហ៊ុនចិន Xpeng ប្រកាសផលិតរថយន្តហោះឱ្យបានច្រើនគ្រឿងនៅឆ្នាំ២០២៦

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្តីស្រមៃក្នុងការជិះរថយន្ត​ហោះ​(Flying Car)អាច​នឹង​ក្លាយ​ជា​ការ​ពិត​ក្នុង​ពេល​ឆាប់ៗ​នេះ ខណៈ​ក្រុមហ៊ុន​យានយន្ត​អគ្គិសនី​របស់​ចិន បានប្រកាស​ពី​គម្រោង​ចាប់​ផ្តើម​ផលិត​រថយន្តហោះជា​ច្រើន​គ្រឿងនៅ​ឆ្នាំ២០២៦។

កាលពីពេលថ្មីៗនេះ លោក He Xiaopeng ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្ត Xpeng ដែលមានមូលដ្ឋាននៅក្នុងទីក្រុងក្វាងចូវ បានបង្ហើបផែនការ និងចក្ខុវិស័យរបស់លោកនៅក្នុងការអភិវឌ្ឍន៍រថយន្តហោះ។

លោកបានអះអាងថា “យើងកំពុងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងការហោះហើរថ្មីនៅក្នុងរថយន្តហោះទាំងនេះ ក្នុងគោលដៅធ្វើឱ្យការធ្វើដំណើរកាន់តែមានសុវត្ថិភាព និងងាយស្រួលប្រើប្រាស់ជាងមុន”។

ក្រុមហ៊ុន Xpeng បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រថយន្តហោះរបស់ខ្លួនឈ្មោះ Xpeng Aeroht មានភាពលេចធ្លោ ដែលនឹងបើកទំព័រសករាជថ្មីនៃទិដ្ឋភាពនៅក្នុងវិស័យអាកាសចរណ៍របស់ប្រទេសចិន”។

រថយន្តហោះ Xpeng Aeroht បានធ្វើការហោះហើរជាសាធារណៈលើកដំបូងនៅឯពិព័រណ៍ China Airshow ដែលប្រារព្ធឡើងនៅទីក្រុង Zhuhai កាលពីខែវិច្ឆិកាឆ្នាំមុន និងបានបង្ហាញខ្លួននៅលើឆាកអន្តរជាតិនៅក្នុងពិព័រណ៍អេឡិចត្រូនិក CES នៅក្នុងទីក្រុង Las Vegas របស់សហរដ្ឋអាមេរិកកាលពីខែមករា ឆ្នាំ២០២៥។

បន្ថែមពីលើរថយន្តហោះ លោក He Xiaopeng ក៏បានទម្លាយពីផែនការបណ្តាក់ទុនវិនិយោគដ៏ធំសម្រាប់ការផលិតមនុស្សយន្ត ក្រោមទុនវិនិយោគចំនួន១០០ពាន់លានយ័ន(ប្រហែល១៣,៨ពាន់លានដុល្លារអាមេរិក)។

ក្រុមហ៊ុនចិន Xpeng បានដាក់តាំងបង្ហាញមនុស្សយន្តឈ្មោះ “Iron humanoid” របស់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំមុន ដើម្បីប្រកួតប្រជែងនឹងមនុស្សយន្ត “Tesla Bot”របស់ក្រុមហ៊ុនយក្ស Tesla របស់សហរដ្ឋអាមេរិក៕ប្រភព: CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here