អ្នកជំនាញជើងចាស់លើកឡើងពីដំណើរនិងភាពលេចធ្លោមួយចំនួនក្នុងវិស័យអចលនវត្ថុកម្ពុជា

0

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អ្នកជំនាញជើងចាស់ក្នុងវិស័យអចលនវត្ថុ បានលើកឡើងនូវភាពលេចធ្លោមួយចំនួន ដែលកំពុងកើតមាននៅក្នុងទីផ្សារអច​លនវត្ថុនាពេលបច្ចុប្បន្ននេះ។

    អគ្គនាយកក្រុមហ៊ុនCentury21 Mekong និងជាអតីតៈប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី២២ មេសាថា ស្ថានភាពវិស័យនេះ ក្នុងពេលបច្ចុប្បន្ន កំពុងតែមានការវិវត្តបន្តិចម្តងៗ ទោះបីជាទីផ្សារ មិនមានការប្រែប្រួលជាដុំកំភួន តែវាមានចរន្តនៅក្នុងភាពវិជ្ជមានមួយចំនួន។

    លោកបន្តថា “ភាពវិជ្ជមានដែលយើងមើលឃើញ គឺដោយសារប្រភពនៃហិរញ្ញប្បទាន ដែលរាជរដ្ឋាភិបាលបានជួយជម្រុញឲ្យគ្រឹះ​ស្ថា​នហិរញ្ញវត្ថុនានាបញ្ចេញឥណទាន បានជួយអ្នកទិញផ្ទះ ដែលពួកគេអាចខ្ចីរហូតដល់២៥ឆ្នាំ”។ លោកបន្តថា “ជាមួយគ្នានេះ អត្រាការប្រាក់ក៏ធ្លាក់ចុះទាបជាងមុន ប៉ុន្តែដើម្បីឲ្យវិស័យនេះរីកចម្រើនទាមទារឲ្យមានតួអង្គច្រើនចូលរួម”។

    លើសពីនេះរដ្ឋាភិបាលក៏បានលើកលែងពន្ឋប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះចាប់ពី៧ម៉ឺនដុល្លារចុះ និងចាប់ពី២១ម៉ឺនដុល្លារចុះសម្រាប់អ្នកទិញផ្ទះថ្មី ក៏បង្ហាញពីចំណុចវិជ្ជមាន និងជាការលើកទឹកចិត្តពីរដ្ឋាភិបាលបានល្អប្រសើរផងដែរ។ លោកសុខនីមបញ្ជាក់។

    លោកបានបន្តថា ជាមួយគ្នានេះ យើងទាមទារឲ្យមានការចូលរូមពីអ្នកអភិវឌ្ឍន៍ក្នុងស្រុក អន្តរជាតិ ពិសេសវិស័យនេះ មិនមែនផ្តោតតែលើដីធ្លីនោះទេ តែក៏ផ្តោតលើផ្នែកដទៃទៀត ដូចជា ផ្នែកឧស្សាហកម្ម សេវាកម្មជាដើម។

    លោកបន្តថា “ចំណុចទីផ្សារដែលយើងមានសុទិដ្ឋិនិយមច្រើន គឺមានបញ្ហាប្រឈម និងឱកាសរៀងរាល់១០ឆ្នាំម្តង អញ្ចឹងក្នុងអំឡុងពេលនេះ វាមិនទាន់អាចទៅមុខលឿនទេ” លោកបន្តថា “សម្រាប់អ្នកធ្វើអាជីវកម្មក្នុងវិស័យនេះ វាជាពេលដែលអ្នកវិនិយោគ អាចទិញអចលនទ្រព្យមានតម្លៃល្អ និងជ្រើសរើសបានច្រើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here