ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស
ទីស្ដីការក្រសួង៖ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារសិក្សាលម្អិត (Detailed Design) នៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដោយមានការអញ្ជើញចូលរួមពីសមាជិកអង្គភាពគ្រប់គ្រងគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសាលារាជធានីភ្នំពេញ តំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច (EDCF) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកូរ៉េ Yooshin JV។

-->
កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាពការងារសិក្សាលម្អិតនៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ របស់ទីប្រឹក្សាបច្ចេកទេសកូរ៉េ Yooshin JV ក៏ដូចជាពិនិត្យលើបញ្ហាប្រឈមនានា ព្រមទាំងស្វែងរកដំណោះស្រាយសមស្រប ក្នុងន័យជំរុញការងារសិក្សាឱ្យសម្រេចតាមផែនការដែលបានគ្រោងទុក។
សូមជម្រាបថាគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ គ្រោងនឹងសាងសង់ខ្សែកាប (Cable-Stayed) ចំនួនពីរ គឺស្ពានទីមួយឆ្លងកាត់ទន្លេសាប (ពីសង្កាត់វត្តភ្នំ ទៅកាន់សង្កាត់ជ្រោយចង្វារ) និងស្ពានទីពីរឆ្លងកាត់ទន្លេមេគង្គ (ពីសង្កាត់ជ្រោយចង្វារ ទៅកាន់សង្កាត់អរិយក្សត្រ) ដែលមានប្រវែងសរុបប្រមាណ ៣,៥ គ.ម។ បើគិតត្រឹមខែមីនា ឆ្នាំ២០២៥ នេះ ការងារសិក្សាលម្អិតសម្រេចបានប្រមាណ ៥៦,៧៧% ហើយគ្រោងនឹងបញ្ចប់ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៥ មុននឹងបន្តរៀបចំនីតិវិធីកិច្ចលទ្ធកម្មជ្រើសរើសក្រុមហ៊ុនសាងសង់។ តាមការគ្រោងទុក គម្រោងនេះគ្រោងនឹងបើកការដ្ឋានសាងសង់នាដើមឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់ក្នុងឆ្នាំ ២០៣០។

ក្រោយបញ្ចប់ការសាងសង់ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងក្លាយជាស្ពាននិមិត្តរូបដ៏សំខាន់ និងមានអត្ថន័យ ដោយស្ពាននេះនឹងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ការកាត់បន្ថយថិរវេលា និងថវិកាក្នុងការធ្វើដំណើរ ដែលជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរ ការលើកកម្ពស់វិស័យកសិកម្ម និងពាណិជ្ជកម្ម៕
:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
– Facebook: https://www.facebook.com/mpwt.gov.kh
– Telegram: https://t.me/mpwtnews
– TikTok: https://www.tiktok.com/@mpwt.tiktok
– YouTube: https://www.youtube.com/@mpwt.youtube