តម្រូវការជួលអគារការិយាល័យនៅប្រទេសហ្វីលីពីនបង្ហាញសន្ទុះងើបឡើងវិញសន្សឹមៗ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Leechiu Property Consultants អះអាងថា ទីផ្សារការិយាល័យនៅប្រទេសហ្វីលីពីនកំពុងឈានចូលដល់ដំណាក់កាលមានស្ថេរភាព បន្ទាប់ពីបានឆ្លងកាត់អស្ថិរភាពជាច្រើនឆ្នាំ។

គិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២៥ ការិយាល័យទំនេរសរុបនៅប្រទេសហ្វីលីពីនមានទំហំ៣,២លានម៉ែត្រការ៉េ។តួលេខនេះបង្ហាញពីការធ្លាក់ចុះបើធៀបនឹងការិយាល័យទំនេរសរុបចំនួន៣,៣លានម៉ែត្រការ៉េនៅក្នុងត្រីមាសទី៤ ឆ្នាំមុន។

ក្រុមហ៊ុន Leechiu Property Consultants បានបញ្ជាក់ថា “នេះជាសញ្ញាបង្ហាញពីការងើបឡើងវិញយ៉ាងសន្សឹមៗសម្រាប់ទីផ្សារការិយាល័យនៅប្រទេសហ្វីលីពីន”។ ឥទ្ធិពលទីផ្សារបានបន្តស្រូបទាញយកការិយាល័យ ដែលផ្គត់ផ្គង់លើសតម្រូវការ បណ្តាលមកពីជំងឺរាតត្បាត និងការចាកចេញរបស់ក្រុមហ៊ុនហ្គេមអនឡាញបរទេស (POGOs)។

តម្រូវការការិយាល័យនៅតំបន់ពាណិជ្ជកម្មកណ្តាលក្នុងរដ្ឋធានីម៉ានីល ដូចជាតំបន់ Makati និងតំបន់ Bonifacio Global City (BGC) នៅតែបន្តមានភាពទាក់ទាញក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៥ តាមពីក្រោយដោយតំបន់ Ortiga តំបន់ Mandaluyong និងតំបន់ San Juan។

ទំហំការិយាល័យសរុបចំនួន
៣៥៥.០០០ម៉ែត្រការ៉េត្រូវបានគេជួលនៅក្នុងត្រីមាសទី១ ឆ្នាំនេះ ដោយកើនឡើង៧ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ បណ្តាក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT) ជាកត្តាចម្បងក្នុងការជំរុញតម្រូវការការិយាល័យ។

ជាមួយគ្នានេះ ទំហំការិយាល័យសរុបចំនួន៨៥.០០០ម៉ែត្រការ៉េផ្សេងទៀតកំពុងស្ថិតក្នុងការចរចាររវាងម្ចាស់អគារ និងអតិថិជន។ នេះជាសូចនាករបង្ហាញពីការពង្រីក និងការផ្លាស់ប្តូរទីតាំងការិយាល័យ ជាពិសេសក្នុងចំណោមក្រុមហ៊ុននានា ដូចជាក្រុមហ៊ុនថែទាំសុខភាព ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា៕ប្រភព: Inquirer.Net៕

LEAVE A REPLY

Please enter your comment!
Please enter your name here