ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែតVNA បានចុះផ្សាយថា ក្រសួងហិរញ្ញវត្ថុថៃ គ្រោងចាក់បញ្ចូលទំហំទឹកប្រាក់ជាង៥០០ពាន់លានបាត(ប្រមាណ១៥ពាន់លានដុល្លារ) ទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ ដើម្បីជំរុញឱ្យអត្រាកំណើនផលទុនជាតិសរុប(GDP) របស់ប្រទេសថៃកើនឡើងលើសពី១,៨ភាគរយ។
ការបោះទុនវិនិយោគ១៥ពាន់លានដុល្លារនេះ នឹងផ្តោតលើការជំរុញតម្រូវការប្រើប្រាស់ ការវិនិយោគ និងការផ្តល់ប្រាក់កម្ចីមានអត្រាការប្រាក់ទាប។
-->
ចំណាត់ការនេះកើតមានឡើង បន្ទាប់ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាបការព្យាករណ៍កំណើនGDP របស់ប្រទេសថៃសម្រាប់ឆ្នាំ២០២៥ ពីអត្រាកំណើន២,៩ភាគរយ មកនៅសល់ត្រឹម១,៨ភាគរយ ដោយសារផលប៉ះពាល់នៃការដំឡើង ពន្ធគយរបស់សហរដ្ឋអាមេរិក។

ប្រទេសថៃ ជាប្រទេសសមាជិកអាស៊ានតែមួយគត់ ដែលត្រូវបានមូលនិធិ IMF បន្ទាបការព្យាករណ៍អត្រាកំណើនGDP មកនៅក្រោម២ភាគរយ។ សម្រាប់ឆ្នាំ២០២៦ មូលនិធិIMF រំពឹងថា កំណើនសេដ្ឋកិច្ចថៃ នឹងធ្លាក់ចុះបន្ថែមទៀតមកនៅត្រឹម១,៦ភាគរយ។
លោក Pichai Chunhavajira ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ បានចាត់ទុកការព្យាករណ៍របស់ស្ថាប័នIMF ជាការវាយតម្លៃបឋម។

លោកបានទទួលស្គាល់ថា គោលនយោបាយពន្ធរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ពិតជាអាចជះផលប៉ះពាល់ដល់សេដ្ឋកិច្ចថៃ។ ប៉ុន្តែលោកបានគូសបញ្ជាក់ថា រដ្ឋាភិបាលថៃកំពុងបន្តតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តន៍វិធានការជំរុញសន្ទុះសេដ្ឋកិច្ច។
លោកPichai បានបន្ថែមថា “ប្រភពមូលនិធិចំនួន១៥ពាន់លានដុល្លារនេះ នៅតែបន្តស្ថិតក្រោមការត្រួតពិនិត្យ ខណៈជម្រើសជាច្រើនត្រូវបានពិចារណា”។លោកបន្ថែមថា “យើងកំពុងបន្តធ្វើការពិគ្រោះយោបល់ជាមួយភ្នាក់ងារសំខាន់ៗ រួមមានក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ និងធនាគារកណ្តាលថៃ”៕ប្រភព: VNA៕
