ផ្ទះ Penthouse នៅអគារមួយក្នុងទីក្រុងតូក្យូបំបែកកំណត់ត្រាថ្លៃបំផុត ដោយលក់ក្នុងតម្លៃ៦៦,៥លានដុល្លារ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្ទះ Penthouse នៅអគារមួយស្ថិតក្នុងទីក្រុងតូក្យូរបស់ប្រទេសជប៉ុន ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនអន្តរជាតិ EQT បានលក់ដាច់ក្នុងតម្លៃ៩,៥ពាន់លានយ៉េន(ប្រមាណ៦៦,៥លានដុល្លារអាមេរិក) ដែលនេះជាតម្លៃមួយយ៉ាងខ្ពស់កប់ពពកក្នុងទីផ្សារអចលនទ្រព្យរបស់ទីក្រុងតូក្យូ។

ផ្ទះនោះមានបន្ទប់គេងចំនួន៤ នៅក្នុងអគារ Marq Omotesando One នៅជិតតំបន់ Harajuku ដែលជាតំបន់ផ្សារទំនើបដ៏ល្បីល្បាញនៃទីក្រុងតូក្យូ។ ផ្ទះនេះមានតម្លៃជាង៥០លានយ៉េនក្នុងមួយ tsubo ដែលជាតម្លៃខ្ពស់បំផុតក្នុងកំណត់ត្រារបស់ប្រទេសជប៉ុនបើគិតតាមខ្នាតមួយនេះ។(មួយ tsubo មានរង្វាស់ស្មើនឹង៣,៣ម៉ែត្រការ៉េ)។

ផ្ទះ Penthouse នោះលាតសន្ធឹងលើជាន់ទី៤ ទាំងមូលនៃអគារ Marq Omotesando One ហើយរួមមានទាំងបន្ទប់ស្ប៉ា រានហាលខាងក្រៅចំនួន៣ ដំបូលផ្ទះឯកជនមួយ ដែលមានអាងហែលទឹក និងមានជណ្តើរយន្តឯកជនផងដែរ។

យ៉ាងណាមិញ អត្តសញ្ញាណរបស់អ្នកទិញមិនត្រូវបានគេទម្លាយឱ្យដឹងឡើយ។ ការលក់ផ្ទះនេះបានទាញការចាប់អារម្មណ៍ខ្លាំង ព្រោះវាមានតម្លៃខ្ពស់កប់ពពក។គម្រោងអចលនទ្រព្យលំដាប់ខ្ពស់នៅក្នុងទីក្រុងតូក្យូបានរីកដុះដាលក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

ការរីកចម្រើនយ៉ាងឆាប់រហ័សនេះ ក៏ដោយសារតែបណ្តាអ្នកអភិវឌ្ឍន៍នានាព្យាយាមទាញយកនូវសក្តានុពលពីកំណើនតម្រូវការរបស់អ្នកទិញក្នុងស្រុក និងអតិថិជនជាជនបរទេសដើម្បីទទួលបានប្រាក់ចំណូលខ្ពស់ចូលទៅកាន់ក្រុមហ៊ុនរបស់ខ្លួន។

តម្លៃផ្ទះនៅទីក្រុងតូក្យូមាននិន្នាការកើនឡើងយ៉ាងគំហុក ដែលជំរុញដោយការកើនឡើងនៃតម្លៃសម្ភារៈសំណង់ និងការផ្គត់ផ្គង់នៅមានកម្រិត។ ការលក់អចលនទ្រព្យប្រណីតនៅក្នុងគម្រោងអភិវឌ្ឍន៍ធំៗដូចជាគម្រោង Azabudai Hills ‘Aman Residences និងគម្រោង Mita Garden Hills បានធ្វើឱ្យតម្លៃផ្ទះជាមធ្យមនៅទីក្រុងតូក្យូហក់ឡើងខ្ពស់ជាងមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here