ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃជួលអាផាតមុិននៅសង្កាត់ Manhattan ក្នុងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់មួយទៀតកាលពីខែឧសភា ហើយត្រូវបានគេរំពឹងថា នឹងបន្តកើនឡើង ស្របពេលរដូវកាលប្រកួតប្រជែងរបស់ទីផ្សារមកដល់។
ការជួលអាផាតមុិននៅសង្កាត់ Manhattan មានតម្លៃជាមធ្យមចំនួន៤.៥៧១ដុល្លារអាមេរិកក្នុងមួយខែកាលពីខែឧសភា។នេះបើយោងតាមក្រុមហ៊ុនវាយតម្លៃ Miller Samuel និងឈ្មួញកណ្តាលអចលនទ្រព្យ Douglas Elliman ។
តួលេខខាងលើនេះជាតម្លៃបំបែកកំណត់ត្រាលើកទី៣ ដែលសម្រេចបានក្នុងរយៈពេល៤ខែកន្លងមក និងបានកើនឡើងលើសតម្លៃខ្ពស់បំផុតពីមុនចំនួន៧១ដុល្លារអាមេរិក។
អ្នកជួលអាផាតមុិនអាចប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដោយសារតម្រូវការនឹងកើនឡើង ខណៈសិស្ស និងនិស្សិតដែលបានបញ្ចប់ការសិក្សាថ្មីៗបានសម្រុកចូលមកក្នុងទីក្រុងញូវយ៉ក។
ក្រៅពីកត្តាទាំងនេះ ម្ចាស់អគារអាផាតមុិនត្រូវបានគេរំពឹងថា នឹងដំឡើងតម្លៃបន្ថែមទៀតដើម្បីអាចរ៉ាប់រងការចំណាយរបស់ពួកគេ ក្រោមច្បាប់ស្តីពីការចំណាយលើការជួលអាផាតមុិនដោយយុត្តិធម៌ ដែលហាមឃាត់មិនឱ្យម្ចាស់អគារទាមទារថ្លៃសេវាកម្រៃជើងសារពីអ្នកជួលថ្មី។
លោក Jonathan Miller ប្រធានក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Miller Samuel បានលើកឡើងថា “យើងនឹងសង្កេតឃើញការកើនឡើង និងប្រតិកម្មរហ័សចំពោះច្បាប់ថ្មីនេះ។តម្លៃជួលអាផាតមុិននឹងហក់ឡើងកាន់តែខ្ពស់ជាងមុន”៕