ដោយ: គង់ លាងហួរ
អន្តរជាតិ: ការធ្វើអត្ថាធិប្បាយនាពេលថ្មីៗនេះរបស់នាយករដ្ឋមន្ត្រីចិនលោក Li Qiang ស្តីពីការស្តារវិស័យអចលនទ្រព្យ និងការបង្កើនវិធានការគាំទ្រ ត្រូវបានគេវាយតម្លៃថា ជាការបង្ហាញនូវក្តីកង្វល់របស់ទីក្រុងប៉េកាំងចំពោះវិស័យអចលនទ្រព្យ ដែលធ្លាប់ជាសសរស្តម្ភសេដ្ឋកិច្ចសម្រាប់ប្រទេសចិន។
ក្រុមអ្នកវិភាគលើកឡើងថា ដោយសារមិនមានដំណោះស្រាយអាចបញ្ចប់វិបត្តិនេះបានភ្លាមៗ ទីក្រុងប៉េកាំងបានបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះផលប៉ះពាល់លើទំនុកចិត្តអ្នកទិញ និងតម្រូវការក្នុងស្រុក ខណសេដ្ឋកិច្ចចិនកំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់ពីកត្តាខាងក្រៅ។
កិច្ចប្រជុំក្រុមប្រឹក្សារដ្ឋ ដែលបានកោះប្រជុំដោយលោក Li Qiang កាលពីថ្ងៃសុក្រសប្តាហ៍មុនបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្ថែមទៀតលើការគាំទ្រទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍ថា កិច្ចប្រជុំបានគូសបញ្ជាក់ពីតម្រូវការក្នុងការបង្កើនប្រសិទ្ធភាពបន្ថែមទៀតនូវគោលនយោបាយដែលមានស្រាប់ និងបង្កើនការរួមផ្សំគ្នាជាប្រព័ន្ធនៃការអនុវត្តដើម្បីជំរុញតម្រូវការ និងកាត់បន្ថយហានិភ័យ។
ជាពិសេស រដ្ឋាភិបាលនឹងត្រួតពិនិត្យឱ្យបានហ្មត់ចត់ចំពោះគម្រោងដែលកំពុងដំណើរការ និងការផ្គត់ផ្គង់ដី ហើយគម្រោងកែលម្អទីក្រុងនឹងទទួលបាននូវជំនួយហិរញ្ញប្បទានបន្ថែមទៀត។
កិច្ចប្រជុំនេះសង្កត់ធ្ងន់លើគោលដៅបញ្ឈប់ការធ្លាក់ចុះ និងស្តារស្ថិរភាពនៃវិស័យអចលនទ្រព្យចិនឡើងវិញ។
យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិរបស់រដ្ឋាភិបាលចិនបានបង្ហាញថា តម្លៃផ្ទះនៅក្នុងទីក្រុងធំៗចំនួន៧០ របស់ប្រទេសចិន បានធ្លាក់ចុះ០,២ភាគរយកាលពីខែឧសភា បើធៀបនឹងការធ្លាក់ចុះ០,១ភាគរយនៅក្នុងខែមេសា។
លោក Yan Yuejin អនុប្រធានវិទ្យាស្ថានស្រាវជ្រាវអចលនទ្រព្យ E-House China ក្នុងទីក្រុងសៀងហៃបានអះអាងថា“ការធ្លាក់ចុះនេះជាសញ្ញាដាស់តឿនឱ្យមានការប្រុងប្រយ័ត្ន”។
លោក Yan Yuejin បានបញ្ជាក់បន្ថែមថា “ទិន្នន័យខាងលើនេះអាចជាសូចនាករដំបូងបង្ហាញថា ប្រសិទ្ធភាពនៃវិធានការគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាលចិនថយចុះ”។
វិធានការគាំទ្រទាំងនោះរួមមាន ការចាក់បញ្ចូលសាច់ប្រាក់ងាយស្រួល ដើម្បីបង្កើនសមត្ថភាពផ្តល់ប្រាក់កម្ចី ការផ្តល់មូលនិធិដល់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ការកាត់បន្ថយអត្រាការប្រាក់ ការបង្កើនការផ្តល់ប្រាក់កម្ចីទិញផ្ទះ និងការបន្ធូរបន្ថយការរឹតបន្តឹងលើការទិញផ្ទះច្រើនយូនីត៕