ដោយ: គង់ លាងហួរ
អន្តរជាតិ: ធនាគារវិនិយោគខ្នាតយក្ស Goldman Sachs រំពឹងថា តម្រូវការលំនៅដ្ឋានថ្មីនៅតាមទីក្រុងនានារបស់ប្រទេសចិននឹងនៅតែមានកម្រិតទាបជាងប្រមាណ៧៥ភាគរយ ធៀបនឹងកម្រិតកំពូលកាលពីឆ្នាំ២០១៧ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
ក្រុមអ្នកវិភាគនៅធនាគារ Goldman Sachs របស់សហរដ្ឋអាមេរិក បានសរសេរនៅក្នុងរបាយការណ៍មួយថា “ការថយចុះចំនួនប្រជាជន និងភាពយឺតយ៉ាវនៃនគរូបនីយកម្ម នឹងធ្វើឱ្យតម្រូវការលំនៅដ្ឋាននៅប្រទេសចិនថយចុះ”។
របាយការណ៍ខាងលើនេះក៏ព្រមានផងដែរថា តម្រូវការវិនិយោគអាចប្រែជាអវិជ្ជមាន ដោយសារតែម្ចាស់អចលនទ្រព្យមួយចំនួនអាចចាប់ផ្តើមលក់ឡាយឡុងអាផាតមុិនដែលនៅទំនេរ។ការរំពឹងទុកនៃការធ្លាក់ចុះតម្លៃបាននិងកំពុងជះផលប៉ះពាល់ដល់ទំនុកចិត្តលើការវិនិយោគ។
ជាលទ្ធផល តម្រូវការលំនៅដ្ឋានថ្មីប្រចាំឆ្នាំនៅតាមទីក្រុងនានាអាចមានកម្រិតទាបជាង៥លានយូនីតក្នុងមួយឆ្នាំៗក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ តួលេខនេះដាំក្បាលចុះយ៉ាងខ្លាំងបើធៀបនឹងតម្រូវការលំនៅដ្ឋានថ្មីប្រចាំឆ្នាំចំនួន២០លានយូនីតក្នុងឆ្នាំ២០១៧។
ការព្យាករណ៍របស់ធនាគារវិនិយោគអាមេរិកកំពុងបន្ថែមក្តីបារម្ភអំពីអនាគតនៃឧស្សាហកម្មអចលនទ្រព្យនៅទ្រឹងរបស់ប្រទេសចិន ដែលបាននិងកំពុងជួបប្រទះវិបត្តិបំណុល និងការផ្គត់ផ្គង់លើសតម្រូវការ។
ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា តម្លៃផ្ទះថ្មីរបស់ប្រទេសចិនបានធ្លាក់ចុះលឿនបំផុតក្នុងរយៈពេល៧ខែក្នុងខែឧសភា ខណៈឥទ្ធិពលនៃវិធានការជំរុញសេដ្ឋកិច្ចកាលពីខែកញ្ញាឆ្នាំមុនបានរលត់ទៅវិញ៕