អាផាតមុិនចំនួន១៣៨យូនីតនៅគម្រោងលំនៅដ្ឋានថ្មីមួយលើកោះហុងកុងលក់ដាច់អស់ក្នុងរយៈពេល៧ម៉ោង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការលក់អាផាតមុិនជុំទី១នៅគម្រោងលំនៅដ្ឋាន Deep Water Pavilia ដែលសាងសង់ដោយក្រុមហ៊ុន New World Development ត្រូវបានលក់ដាច់អស់ក្នុងតម្លៃទាបបំផុតក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។

អាផាតមុិនទាំង១៣៨យូនីតនៅគម្រោងក្នុងសង្កាត់ Wong Chuk Hang នេះត្រូវបានលក់អស់ក្នុងរយៈពេល៧ម៉ោងនៃការបើកដំណើរការ ដោយទទួលបានទឹកប្រាក់សរុបចំនួន១,៥៣ពាន់លានដុល្លារហុងកុង (ប្រមាណ១៩៦លានដុល្លារអាមេរិក)។នេះបើយោងតាមការដកស្រង់ដោយកាសែត South China Morning Post។

ដោយឡែក កាសែត Bloomberg បានរាយការណ៍ថា អាផាតមុិនទាំងអស់នោះមានបន្ទប់គេងចាប់ពី២បន្ទប់ទៅ៤បន្ទប់ និងមានតម្លៃចន្លោះពី៨,៥លានដុល្លារហុងកុងទៅ៣៧,២លានដុល្លារហុងកុង ក្នុងមួយយូនីត ឬមានតម្លៃជាមធ្យមប្រហែល២៨.៨០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដែលនេះជាតម្លៃទាបបំផុតសម្រាប់ផ្ទះថ្មីក្នុងតំបន់ខាងលើ។

អាផាតមុិនទាំងនោះមានតម្លៃថោកជាងតម្លៃអាផាតមុិននៅគម្រោង Blue Coast របស់ក្រុមហ៊ុន CK Asset Holdings ក្នុងរង្វង់ប្រហែល៤,៥ភាគរយ។ ការបញ្ចុះតម្លៃរបស់ក្រុមហ៊ុន New World Development បានជំរុញឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

គម្រោងលំនៅដ្ឋាន Deep Water Pavilia ត្រូវបានសាងសង់ដោយក្រុមហ៊ុន New World Development ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់កំពូលរបស់គ្រួសារមហាសេដ្ឋីត្រកូល Cheng ក្នុងតំបន់រដ្ឋបាលពិសេសហុងកុងរបស់ប្រទេសចិន។

យោងតាមលោក Louis Chan Wing-kit នាយកប្រតិបត្តិទីភ្នាក់ងារអចលនទ្រព្យ Centaline បានឱ្យដឹងថា គម្រោងនេះបានទាក់ទាញទាំងអ្នកទិញក្នុងគោលបំណងរស់នៅ និងអ្នកទិញក្នុងគោលបំណងវិនិយោគ ដោយសារផ្ទះមានតម្លៃថោក និងមានទីតាំងល្អស្ថិតនៅជិតស្ថានីយ៍រថភ្លើងដ៏ធំ។

លោក Sammy Po Siu-ming នាយកប្រតិបត្តិក្រុមហ៊ុន Midland Realty ប្រចាំទីក្រុងហុងកុង និងម៉ាកាវ បានបញ្ជាក់ថា ចំនួន៤០ភាគរយនៃអ្នកទិញអាផាតមុិននៅគម្រោង Deep Water Pavilia ជាអ្នកវិនិយោគដែលស្វែងរកប្រាក់ចំណូលពីការជួល ខណៈចំនួន៦០ភាគរយទៀតជាអ្នកទិញដើម្បីរស់នៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here