ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនបុត្រសម្ព័ន្ធអចលនទ្រព្យរបស់ក្រុមហ៊ុនមេខ្នាតយក្ស Blackstone បានទិញភាគហ៊ុននៅក្នុងអគារការិយាល័យចំនួនពីរនៅទីក្រុង Bellevue ក្នុងរដ្ឋ Washington ដែលត្រូវបានជួលដោយក្រុមហ៊ុន Meta Platforms។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ម្ចាស់ក្រុមហ៊ុនវិនិយោគអចលនទ្រព្យ Shorenstein Investment Advisers បានសម្រេចលក់ភាគហ៊ុននៃអគារចំនួនពីរ ដែលមានឈ្មោះថា អគារ Blocks 5 និងអគារ Blocks 6 ដល់មូលនិធិរបស់ក្រុមហ៊ុន Blackstone Real Estate។
ក្រុមហ៊ុន Blackstone នឹងកាន់កាប់ចំណែកភាគហ៊ុនចំនួន៤០ភាគរយនៅក្នុងអគារនីមួយៗ ហើយអគារទាំងពីរនេះមានតម្លៃសរុបបញ្ចូលគ្នាចំនួន៥៤៥លានដុល្លារអាមេរិក។ នេះបើយោងតាមប្រភពសុំមិនបញ្ចេញអត្តសញ្ញាណ ព្រោះនេះជាព័ត៌មានលម្អិតឯកជន។
ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កមួយនេះបាននិងកំពុងស្វែងរកកិច្ចព្រមព្រៀងទិញអគារការិយាល័យបន្ថែមទៀត ដោយផ្តោតលើអគារថ្មីៗ ដែលមានតម្រូវការជួលខ្លាំង។ កាលពីខែមករា ប្រធានក្រុមហ៊ុន Blackstone លោក Jon Gray បានលើកឡើងថា ទីផ្សារការិយាល័យបានធ្លាក់ចុះដល់បាត។
កាលពីដើមខែមិថុនានេះ មូលនិធិរបស់ក្រុមហ៊ុន Blackstone Real Estate បានទិញភាគហ៊ុននៅក្នុងអគារខ្ពស់កប់ពពក 1345 Avenue of the Americas ក្នុងសង្កាត់ Manhattan នៃទីក្រុងញូវយ៉ក។
ទីក្រុង Bellevue បានទទួលអត្ថប្រយោជន៍ពីបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកយក្សដូចជាក្រុមហ៊ុន Amazon ក្រុមហ៊ុន Meta Platforms របស់បណ្តាញសង្គម Facebook និងក្រុមហ៊ុន Salesforce ដែលបានជួលការិយាល័យនៅក្នុងតំបន់នោះ។
យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE Group បានឱ្យដឹងថា អត្រាទំនេរការិយាល័យនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាលរបស់ទីក្រុង Bellevue មានចំនួន១៩ភាគរយ បើធៀបនឹងអត្រាទំនេរការិយាល័យនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាលរបស់ទីក្រុង Seattle ចំនួន៣៣ភាគរយ៕